ថ្ងៃទី២៣ខែមេសា កិច្ចប្រជុំកំពូលអំពីបញ្ហាអាកាសធាតុបានផ្តោតការយកចិត្តទុកដាក់លើបញ្ហាថាតើត្រូវគ្រោងផែនការច្នៃប្រឌិតថ្មីយ៉ាងណាដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ? ថ្នាក់ដឹកនាំដែលចូលរួមកិច្ចប្រជុំបានអំពាវនាវឱ្យបង្កើនការគាំទ្រខាងវិស័យសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ក៏ដូចជាជំរុញការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យានិងការផ្សព្វផ្សាយឆ្លងប្រទេស ដើម្បីជួយសហគមន៍អន្តរជាតិឱ្យរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមខាងបម្រែបម្រួលអាកាសធាតុ។
ពេលថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ថ្នាក់ដឹកនាំដែលចូលរួមកិច្ចប្រជុំបានធ្វើបទបង្ហាញពីការវិវឌ្ឍរីកចម្រើនថ្មីបំផុតរបស់ប្រទេសរៀងៗខ្លួនក្នុងការជំរុញការអភិវឌ្ឍនៃថាមពលអាចកកើតឡើងវិញនិងសេដ្ឋកិច្ចបៃតង។
ថ្នាក់ដឹកនាំដែលចូលរួមកិច្ចប្រជុំបានថ្លែងថា ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាបញ្ហាប្រឈមដ៏តានតឹងមួយដែលពិភពលោកទាំងមូលបាននិងកំពុងប្រឈមមុខ ហើយក៏ជាភារកិច្ចបន្ទាន់មួយផងដែរ។ ការរីករាលដាលនៃជំងឺកូវីដ១៩បានធ្វើឱ្យពិភពលោកទាំងមូលមើលឃើញពីភាពចាំបាច់និងបន្ទាន់នៃការរួមគ្នាទប់ទល់នឹងវិបត្តិផ្នែកសន្តិសុខនិងអភិវឌ្ឍន៍។ ប្រទេសអភិវឌ្ឍន៍គួរតែផ្តល់ការគាំទ្រខាងវិស័យប្រាក់ទុន បច្ចេកវិទ្យានិងកិច្ចកសាងសមត្ថភាពជាដើមដល់ប្រទេសកំពុងអភិវឌ្ឍន៍។ សហគមន៍អន្តរជាតិគួរតែក្តាប់ជាប់កាលានុវត្តភាពនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយឆ្លងតាមរយៈការអភិវឌ្ឍថាមពលអាចកកើតឡើងវិញនិងសេដ្ឋកិច្ចបៃតង ដើម្បីអភិរក្សប្រភពធនធានផែនដីឱ្យបានកាន់តែល្អ ក៏ដូចជារួមគ្នាកសាងអនាគតដ៏ល្អបវរផងដែរ ៕