ថ្ងៃទី ២៤ ខែ មេសា វេទិកាជាន់ខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម RCEPដែលជាវេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្រង់ទ្រាយធំលើកដំបូងបន្ទាប់ពីការចុះហត្ថលេខានៃកិច្ចព្រមព្រៀងស្តីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)បានបើកធ្វើនៅក្រុង Qingdao ខេត្ត Shandong ប្រទេសចិន ។ ស្ថាប័នជំរុញពាណិជ្ជកម្មនិងសភាពាណិជ្ជកម្មនៃរដ្ឋសមាជិក RCEP នានាបានផ្តួចផ្តើមឱ្យសកល្បងអនុវត្តជាមុននូវមាត្រាអន្តរកាល ។ តំណាងរបស់រដ្ឋសមាជិក RCEPបានរំពឹងថា កិច្ចព្រមព្រៀង RCEP នឹងនាំមកនូវកម្លាំងចលករអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសនិងតំបន់នានា ។ យោងតាមការឧទ្ទេសនាមឱ្យដឹងថា ប្រទេសជាច្រើនបាននឹងកំពុងពន្លឿនការជំរុញការងារពិនិត្យនិងអនុម័តដើម្បីផ្តល់សុពលភាពលើកិច្ចព្រមព្រៀង ។
ក្នុងវេទិកាជាន់ខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម RCEP លើកនេះ លោក Chen Yanzong ប្រធានទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមប្រឹក្សាផុរកិច្ចម៉ាឡេស៊ី-ចិនបានថ្លែងថា ស្របនឹងពេលដែលដំណើរការសេដ្ឋកិច្ចនៃរដ្ឋសមាជិក RCEP កំពុងងើបឡើងវិញជាបណ្តើរៗ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP បានក្លាយជានិមិត្តសញ្ញាដែលរដ្ឋសមាជិកនានាសម្រេចបាននូវការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺCOVID-19 ។
លោក Sansern Samalapa អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃបានថ្លែងថា កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងកម្រិតខ្ពស់ មាត្រាពាក់ព័ន្ធនឹងធុរកិច្ចអេឡិចត្រូនិកក្នុងកិច្ចព្រមព្រៀង RCEP អាចជួយរដ្ឋសមាជិកឱ្យរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមថ្មីក្នុងយុគសម័យឌីជីថល ។