រឿងរ៉ាវក្រុមគ្រូពេទ្យដែលជានិសិ្សតខ្មែរបន្តការសិក្សានៅប្រទេសចិន ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

2021-04-27 10:16:19 |ប្រភព:新华社

លោក គូ ស៊ូណា ជាគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលាប្រទេសកម្ពុជា ពេលលោកទទួលការសម្ភាសន៍ពីអ្នកសារព័ត៌មានយើង លោកបានបញ្ជាក់ថា “ប្រទេសកម្ពុជាត្រូវការខ្ញុំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខ្ញុំប្តេជ្ញាចិត្តមិនរាថយ ។ មានតែការចាក់វ៉ាក់សាំងទេ ទើបយើងអាចយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។”

ក្នុងរយៈពេលពីរខែនេះ ជំងឺកូវីដ-១៩នៅប្រទេសកម្ពុជាមានស្ថានភាពវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើង រាប់ចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ដល់ថ្ងៃទី ២៤ ខែមេសា អ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងពីចំនួន ៥១៦ នាក់ ដល់ ៩៣៥៩ នាក់ ដែលបាន​ធ្វើ​ឱ្យ​ប្រព័ន្ធសុខាភិបាលនៃប្រទេស​កម្ពុជា​​ប្រឈមមុខនឹងបញ្ហាដែលយើងមិនធ្លាប់នឹងជួបប្រទះ ។ ក្នុងនាមជាគ្រូពេទ្យមួយរូប លោក គូ ស៊ូណា មានការព្រួយបារម្ភជាខ្លាំង ។

លោក គូ ស៊ូណា ធ្លាប់បន្តការសិក្សានៅប្រទេសចិនចំនួនពីរលើក ដោយបានទទួលសញ្ញាបត្របរិញ្ញាបត្រ​ និង​បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ​វេជ្ជសាស្រ្ត​នៅប្រទេសចិន ។ ក្រោយខែមិនា ឆ្នាំ ២០២០ បន្ទាប់ពីក្រុមអ្នកជំនាញ​វេជ្ជសាស្ត្រប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩នៃប្រទេស​ចិន បានមកដល់ប្រទេសកម្ពុជា លោក គូ ស៊ូណា បានចាប់ផ្តើម​ចូលរួមកិច្ចការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ​នៅប្រទេសកម្ពុជា ក៏ដូចជាទទួលបន្ទុកផ្នែកបកប្រែផងដែរ ។ នាខែ​កុម្ភៈ ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យ​កងទ័ពរំដេាះចិនមក​ធ្វើ​ការ​បណ្តុះបណ្តាលបំពាក់បំប៉នក្រុមគ្រូពេទ្យកម្ពុជា លោក គូ ស៊ូណា ក៏បានចូលរួមក្នុងការងារនោះផងដែរ ។

យោងតាមបទពិសោធន៍ខ្លួន លោក គូ ស៊ូណា បានប្រាប់ប្រជាពលរដ្ឋថា វ៉ាក់សាំងចិនគឺមានសុវត្ថិភាព ។ លោកបាន​បញ្ជាក់ទៀតថា “ក្រោយពីវ៉ាក់សាំងផលិតផលដោយប្រទេសចិនដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា ខ្ញុំជាក្រុមមនុស្សទី ១ ដែលចាក់វ៉ាក់សាំងនេះ ។ ពេលនោះ ខ្ញុំគ្មានការព្រួយបារម្ភអ្វីឡើយ បើកម្ពុជាចង់យកឈ្នះលើការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ គឺមានតែសង្ឃឹមលើការចាក់​វ៉ាក់សាំងគ្រប់ៗគ្នា។”

នាថ្ងៃទី ១០ ខែកុម្ភៈ ប្រទេសកម្ពុជាចាប់ផ្តើមចាក់វ៉ាកសាំងក្នុងទ្រង់ទ្រាយធំ បច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរចំនួន ១.៣ លាន​នាក់បានធ្វើការចាក់វ៉ាក់សាំងរួចរាល់ ។ នៅទីក្រុងភ្នំពេញ និងខេត្តផ្សេងៗ មានទីតាំងចាក់វ៉ាក់សាំងជាច្រើនកន្លែង ព្រមទាំងមានក្រុមគ្រូពេទ្យដែលធ្លាប់ជានិសិ្សតខ្មែរបន្តការសិក្សានៅប្រទេសចិន​ កំពុងស្ថិតនៅជួរមុខប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ។ ការជំរុញសកម្មភាពនៃការចាក់វ៉ាក់សាំង ធ្វើឲ្យប្រជាជនខ្មែរអាចបង្កើត"ជញ្ជាំងភ្លើង"ទប់ស្កាត់នឹងជំងឺកូវីដ ១៩ ។

តាមការរៀបរាប់របស់លោក អ៊ុំ វុទ្ធី ស្ថាបនិក និងជាប្រធានកិត្តិយសនៃសមាគមនិស្សិតកម្ពុជាប្រចាំនៅប្រទេសចិន បានឱ្យដឹងថា មាននិសិ្សតខ្មែរដែលធ្លាប់បន្តការសិក្សានៅប្រទេសចិនចំនួន ៥១ រូបក្នុងសមាគមយើង បានចូលរួមក្នុងកិច្ចការចាក់វ៉ាក់សាំង ។

លោក ស្រូយ សុភក្រ្តា ដែលបានបញ្ចាប់ការសិក្សាពីសាកលវិទ្យាល័យវេជ្ជសាស្ត្រគួយលីន បានបញ្ជាក់ថា “ខ្ញុំដឹងច្បាស់ថាខ្ញុំកំពុងប្រឈមនឹងការងារដែលមានហានិភ័យ​ខ្ពស់ ប៉ុន្តែ ខ្ញុំនៅតែបន្តចូលរួមក្នុងកិច្ចការនេះដោយស្ម័គ្រចិត្ត ខ្ញុំចង់​ជួយប្រទេសខ្ញុំ​ប្រយុទ្ធ​ប្រឆាំង​ និងយកឈ្នះជំងឺកូវីដ១៩ ។”

កញ្ញា ជឹង សេងលីម អាយុ ២៨ ឆ្នាំ កំពុងសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រភាគខាងត្បូងនៃប្រទេសចិន សព្វថ្ងៃនេះ នាងកំពុងចូលរួមកិច្ចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ។ នាងបានរៀបរាប់ថា “ខ្ញុំមាន​មោទនភាពណាស់ដែលអាចចូលរួមកិច្ចការចាក់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ​ដើម្បីការពារពួកគេពីជំងឺកូវីដ១៩។”

តាំងពីថ្ងៃទី១០ ខែមេសា លោក គូ ស៊ូណា បានចូលរួមសកម្មភាពចាក់វ៉ាក់សាំងកូវីដ១៩ ដល់ជនជាតិចិនដែលរស់​នៅប្រទេសកម្ពុជា ។ លោកបានរៀបរាប់ថា “ខ្ញុំអាចក្លាយជាគ្រូពេទ្យមួយរូបបាន គឺដោយសារមានការជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា និងការឧបត្ថម្ភរបស់រដ្ឋាភិបាលចិន ។ ខ្ញុំជួយចាក់វ៉ាក់សាំងដល់ជនជាតិចិនដែលរស់នៅ​ប្រទេស​កម្ពុជា ហើយខ្ញុំសង្ឃឹមថា យើងនឹងពួតដៃគ្នា​ក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ១៩”។

អ្នកបកប្រែ៖刘蓉