ពេលឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី ៦ ខែឧសភា លោកWangWenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ប្រទេសចិនបានកាន់តំណែងជាប្រធានផ្លាស់វេនប្រចាំខែឧសភានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាផ្លូវការហើយ ។ នៅខែឧសភា ក្រុមប្រឹក្សាសន្តិសុខនឹងធ្វើការពិនិត្យពិភាក្សាលើបញ្ហាសំខាន់ក្នុងតំបន់មជ្ឈិមបូព៌ា ស៊ីរី យេម៉ែន អ៊ីរ៉ាក់ លីប៊ី សូម៉ាលី សាហេល កូរ៉េខាងជើង បូស្នៀនិងហឺហ្សេហ្គូវីណាជាដើម ។
លោកWangWenbinបានថ្លែងថា ប្រទេសចិននឹងអនុវត្តយ៉ាងផ្ចិតផ្ចង់នូវកាតព្វកិច្ចជាប្រធានក្រុមប្រឹក្សាសន្តិសុខ ជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកកាន់តែធំក្នុងការគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ ។ប្រទេសចិនក៏នឹងបង្កើនការប្រាស្រ័យទាក់ទងជាមួយប្រទេសមិនមែនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ សាមីប្រទេស អគ្គលេខាធិការអង្គការសហប្រជាជាតិនិងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិជាដើម ដើម្បីស្តាប់មតិយោបល់របស់ភាគីពាក់ព័ន្ធនានាដោយគ្រប់ជ្រុងជ្រោយ ក្នុងន័យអនុវត្តឱ្យបានល្អនូវកាតព្វកិច្ចជាប្រធានក្រុមប្រឹក្សាសន្តិសុខតាមរូបភាពប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ។