"អូស្រ្តាលីបានបង់តម្លៃយ៉ាងធ្ងន់ធ្ងរក្នុងវិស័យសេដ្ឋកិច្ចសម្រាប់ឥរិយាបថដែលនិយមបំផុសសង្រ្គាមរបស់ខ្លួន"នេះជាការវិភាគនៃអត្ថបទមួយនៅលើវេបសាយ《Russia Today》ដែលនិពន្ធនិងចេញផ្សាយដោយលោក Bradley Blankenship អ្នកសារព័ត៌មានអាមេរិកកាលពីថ្ងៃទី ៦ ខែឧសភា ។ អត្ថបទនេះបានចង្អុលបង្ហាញថា អ្នកនយោបាយប្រឆាំងចិននៃអូស្រ្តាលីងប់ងល់នឹងបង្ករឿងហេតុជាមួយប្រទេសចិន នេះគឺមានលក្ខណៈគ្រោះមហន្តរាយបើនិយាយចំពោះប្រទេសរបស់ពួកគេ ។
យ៉ាងណាមិញ អ្នកនយោបាយអូស្ត្រាលីហាក់ដូចជាមិនបានដកយកមេរៀនពីការព្រមានថ្មីបំផុតរបស់ប្រទេសចិននោះទេ ។ លោក Dan Tehan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអូស្រ្តាលីបានថែ្លងថា "ការសម្រេចចិត្តរបស់ប្រទេសចិនធ្វើឱ្យគេខកចិត្តយ៉ាងខ្លាំង ហើយអូស្ត្រាលីនៅតែមានឆន្ទៈធ្វើកិច្ចសន្ទនាព្រមទាំងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដដែល"ដោយធ្វើដូចជាខ្លួនទទួលរងភាពអយុត្តិធម៌តែមិនសុខចិត្តនោះទេ ។ ប៉ុន្តែ តើអូស្រ្តាលីពិតជាមិនដឹងថា ហេតុអ្វីបានជាប្រទេសចិនធ្វើសេចក្តីសម្រេចចិត្តបែបនេះ ?
គឺដូចការវិភាគក្នុងអត្ថបទរបស់លោក Bradley Blankenship ដែលបានលើកឡើងថា អ្នកនយោបាយ មន្រ្តីយោធាជាន់ខ្ពស់និងអ្នកសារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៃអូស្រ្តាលីបានឃោសនាបំប៉ោងយ៉ាងគឃ្លើននូវភាពតានតឹងនៃទំនាក់ទំនងរវាងចិននិងអូស្ត្រាលីព្រមទាំងលទ្ធភាពកើតមានការប៉ះទង្គិចយោធារវាងចិននិងអូស្ត្រាលីតាមរយៈពាក្យសំដីឆ្គួតឡប់ៗ ។ ជាពិសេស អូស្ត្រាលីបានយកអ្វីដែលហៅថា "សន្តិសុខជាតិ"ធ្វើជាលេសដើម្បីដាក់កំហិតនិងគាបសង្កាត់ទៅលើគម្រោងសហប្រតិបត្តិការនិងលទ្ធផលជាផ្លែផ្កាដែលមានស្រាប់ក្នុងគ្រប់វិស័យរវាងចិននិងអូស្ត្រាលី ដួចជា សេដ្ឋកិច្ចពាណិជ្ជកម្មនិងវប្បធម៌មនុស្សជាតិជាដើមដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនិងបំផ្លិចបំផ្លាញដល់មូលដ្ឋាននៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាប្រក្រតី ។ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ទំហំនាំចេញរបស់អូស្រ្តាលីទៅកាន់ប្រទេសចិនមានភាពធំធេងដែលមានចំនួនអតិរេក ៩៨ ភាគរយក្នុងពាណិជ្ជកម្មរបស់ខ្លួនបានមកពីការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ។ ពីកសិផល ធ្យូងថ្មរហូតដល់ថ្មរ៉ែដែក ទំនិញជាច្រើនរបស់អូស្រ្តាលីសុទ្ធតែចាត់ទុកទីផ្សាររបស់ប្រទេសចិនជាទីផ្សារសំខាន់បំផុត។ យ៉ាងណាមិញ ចាប់តាំងពីឆ្នាំ ២០១៨ មក ទំនាក់ទំនងរវាងចិននិងអូស្រ្តាលីបានធ្លាក់ចូលក្នុងភាពជាប់គាំង ។ បរិបទអន្តរជាតិសំខាន់ៗ គឺយុទ្ធសាស្ត្ររបស់អាមេរិកស្តីពីការដាក់សម្ពោធនិងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនត្រូវបានលើកកម្ពស់លំដាប់ថ្នាក់ដោយគ្រប់ជ្រុងជ្រោយ ។ អ្នកនយោបាយអូស្រ្តាលីមួយចំនួនដែលគិតពិចារណាពីផលប្រយោជន៍នយោបាយបានជ្រើសរើសការឈរជាមួយអាមេរិកទាំងស្រុង ពួកគេសុខចិត្តធ្វើជា"ទ័ពស្រួច"ប្រឆាំងនឹងប្រទេសចិនរបស់អាមេរិកដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអូស្ត្រាលីមានភាពកាន់តែអាប់អួរទៅៗ ។
អ្នកនយោបាយអូស្រ្តាលីទាំងនោះដែលមានគំនិតគិតតែសង្គ្រាមត្រជាក់ចាំបាច់ត្រូវដឹងយ៉ាងច្បាស់ថា ប្រទេសចិនដាច់ខាតមិនអនុញ្ញាតឱ្យអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍នៃប្រទេសខ្លួនទទួលរងផលប៉ះពាល់នោះទេ ។ ជម្រើសតែមួយគត់របស់ពួកគេ គឺត្រូវវិលត្រឡប់មកផ្លូវត្រឹមត្រូវវិញក្នុងពេលឆាប់ៗននិងបានបញ្ឈប់ទង្វើអាក្រក់ដែលបំផ្លិចបំផ្លាញដល់ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការបន្ធូរបន្ថយទំនាក់ទំនងទ្វេភាគី ៕