ថ្ងៃទី១០ ខែឧសភា អ្នកនាំពាក្យនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងការប្រឆាំងយ៉ាងដាច់ខាត ចំពោះរឿងដែលអាមេរិក អង់គ្លេស អាល្លឺម៉ងបានឃុបឃិតជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតូច ដើម្បីត្រៀមរៀបចំនូវសន្និសីទដែលហៅថា សភាពការណ៍សិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងនៃប្រទេសចិននាពេលដ៏ខ្លីខាងមុខនេះ ដោយឈរលើមូលដ្ឋាននៃពាក្យកុហកនិងគំនិតលំអៀងខាងនយោបាយរបស់ខ្លួន ។ ប្រទេសចិនបានទាមទារឱ្យបញ្ឈប់ភ្លាមនូវសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនមួយនេះ ហើយអំពាវនាវឱ្យរដ្ឋសមាជិកផ្សេងទៀតរួមគ្នាធ្វើពហិការចំពោះសន្និសីទលើកនេះ ។
អ្នកនាំពាក្យរូបនេះបានថ្លែងថា ភាគីរៀបចំសន្និសីទដូចជាអាមេរិកជាដើម មិនអើពើនឹងការពិតជាក់ស្តែងក្នុងបញ្ហាស៊ីនជាំង មានចេតនាប្រឌិតពាក្យកុហកនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដ៏អាក្រក់ ។ ប៉ុន្តែតាមពិត គឺដោយមកពីប្រទេសចិនបានធ្វើការខិតខំប្រឹងប្រែងយ៉ាងសកម្មនិងចាត់វិធានការដ៏ខ្លាំងក្លា ទើបបានជាក្នុងរយៈពេលជាង៤ឆ្នាំចុងក្រោយនេះ តំបន់ស៊ីនជាំងមិនដែលកើតមានហេតុការណ៍វាយប្រហារដោយភេរវកម្មសូម្បីតែមួយលើកក៏គ្មានដែរ ប្រជាជនគ្រប់ជនជាតិមានជីវភាពរស់នៅប្រកបដោយសុភមង្គលនិងប្រកបអាជីវកម្មដោយសប្បាយរីករាយ ។ ដោយឡែក ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមក សេដ្ឋកិច្ចនៃតំបន់ស៊ីនជាំងបានកើនឡើងជាង២០០ដង GDPក្នុងតំបន់ស៊ីនជាំង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើងជិត៤០ដង ។ អាយុកាលរំពឹងទុកជាមធ្យមរបស់ប្រជាជនគ្រប់ជនជាតិនៅតំបន់ស៊ីនជាំង បានកើនឡើងពី៣០ឆ្នាំដល់៧២ឆ្នាំ ហើយក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ប្រជាជនជនជាតិវៃវូអឺបានកើនឡើងពី៥លាន៥៥ម៉ឺននាក់ដល់១២លាន៨សែននាក់ ។ លើវិស័យការពារសិទ្ធិមនុស្ស ប្រទេសចិនទទួលបានសមិទ្ធផលគួរតែកត់សម្គាល់ ហើយផ្ទុយទៅវិញ គឺភាគីរៀបចំសន្និសីទដូចជាអាមេរិកជាដើមនោះទេ ដែលគួរតែគិតពិចារណាពីកំហុសរបស់ខ្លួននិងកំណត់ត្រាដ៏អាក្រក់ដែលបានធ្វើទៅកាន់ជនជាតិភាគតិចក្នុងសហរដ្ឋអាមេរិក ។
អ្នកនាំពាក្យរូបនេះបានថ្លែងទៀតថា ការពិតជាក់ស្តែងនៅតំបន់ស៊ីនជាំង វាបានសឱ្យឃើញយ៉ាងច្បាស់លាស់ ។ សច្ចធម៌គឺស្ថិតក្នុងដួងចិត្តរបស់មនុស្សទូទៅ ជឿជាក់ថា រដ្ឋសមាជិកជាច្រើនក៏អាចមើលឃើញច្បាស់និងយល់ដឹងពីចេតនានយោបាយរបស់ភាគីរៀបចំសន្និសីទដូចជាអាមេរិកជាដើម ដោយធ្វើពហិការចំពោះរឿងគួរឱ្យអស់សំណើចលើកនេះ ៕