ថ្ងៃទី១០ខែឧសភា លោកZhangJunប្រធានផ្លាស់វេនប្រចាំខែឧសភានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាព័ត៌មាន ដើម្បីថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយភេរវកម្មដែលកើតឡើងនៅក្រុងកាប៊ុលរដ្ឋធានីអាហ្វហ្គានីស្ថានកាលពីថ្ងៃទី៨ខែឧសភា។
រដ្ឋសមាជិកនៃក្រុមប្រឹក្សាសន្តិសុខយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ហេតុការណ៍ហិង្សាដែលកើតឡើងជាបន្តបន្ទាប់ក្នុងដែនអាហ្វហ្គានីស្ថាន ដែលបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់បានស្លាប់និងរងរបួស ជាពិសេសគឺក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ហេតុការណ៍វាយប្រហារទៅលើសាលារៀននិងគ្រឹះស្ថានអប់រំបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់សិស្សានុសិស្ស។ ក្រុមប្រឹក្សាសន្តិសុខបានគូសបញ្ជាក់ថា ចាំបាច់ត្រូវខំប្រឹងទប់ស្កាត់កម្លាំងហិង្សានិងការពារជនស៊ីវិល។
សូមរំលឹកថា កាលពីថ្ងៃទី៨ខែឧសភា នៅក្បែរសាលារៀនមួយនៃក្រុងកាប៊ុលរដ្ឋធានីអាហ្វហ្គានីស្ថានបានកើតការវាយប្រហារដោយភេរវកម្មមួយលើកដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥០នាក់ស្លាប់ និងជាង១០០នាក់ទៀតរងរបួស ក្នុងនោះភាគច្រើនគឺជាសិស្សស្រី៕