បន្ទាប់ពីចេកនិងផ្លែស្វាយកម្ពុជាគ្រោងនាំចេញផ្លែស្រកានាគទៅកាន់ប្រទេសចិន  

2021-05-12 18:01:24 |ប្រភព:ប្រភព៖ វិទ្យុជាតិកម្ពុជា

កាលពីពេលថ្មីៗនេះ បើយោងតាមការបញ្ជាក់ពីឯកឧត្តម វេង សុខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កម្ពុជា និង ចិន គ្រោងនឹងចរចា សម្រាប់ទីផ្សារផ្លែស្រកានាគ ដោយសារតែបច្ចុប្បន្នទីផ្សារប្រទេសចិនកំពុងមាន តម្រូវការខ្ពស់លើផ្លែស្រកានាគ។

ឯកឧត្តម វេង សុខុន បានបន្តថា ឆ្នាំកន្លងទៅ កម្ពុជាយើងបាននាំចេញរួចហើយ នូវផ្លែចេកស្រស់ បន្តមកទៀតគឺ ផ្លែស្វាយស្រស់ ហើយនិងគ្រោងនាំចេញនូវផ្លែស្រកានាគ និងផ្លែមៀនប៉ៃលិនផងដែរ។

បើតាមអ្នកជំនាញកសិកម្មនៅកម្ពុជា បានឱ្យដឹងថា ផ្លែស្រកានាគ មានការពេញនិយមខ្លាំង នៅបណ្តាប្រទេស ក្នុងតំបន់អាស៊ី ជាពិសេសនៅប្រទេសចិន ដែលធ្វើឲ្យប្រទេសវៀតណាម រកលុយបានយ៉ាងច្រើនពីដំណាំនេះដែរ។

បើតាមអ្នកជំនាញទីផ្សារផ្លែស្រកានាគ បានរីកកាន់តែធំ មានទំហំរាប់ពាន់លានដុល្លារ នៅលើទីផ្សារអន្តរជាតិ ជាពិសេស ប្រទេសចិន។ នៅក្នុងវិបត្តិកូវីដ១៩ វៀតណាម នៅតែអាចនាំចេញផ្លែស្រកានាគ បានទំហំជាង១ពាន់លានដុល្លារ ក្នុង ឆ្នាំ២០២០កន្លងទៅ។

ដោយសារផ្លែស្រកានាគ កំពុងមានតម្រូវការទីផ្សារខ្ពស់នៅប្រទេសចិន ដូច្នេះកម្ពុជាគួរតែចាប់ឱកាសនេះ ដើម្បីពង្រីក ការដាំដុះផ្លែស្រកានាគ ទៅកាន់ទីផ្សារប្រទេសចិន ខណៈតម្រូវការនឹងកើនឡើងបន្ថែមទៀត នៅពេលចប់កូវីដ១៩។