ទីក្រុង Nanyangដែលស្ថិតនៅខេត្តHenanប្រទេសចិនគឺជាមូលដ្ឋានបណ្តុះកូនពូជផ្កាកុលាបចិនធំជាងគេបំផុតនៅក្នុងប្រទេសចិន។ ថ្ងៃទី១២ ខែឧសភា លោកស៊ីជីនភីងប្រធានរដ្ឋចិនដែលកំពុងអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្តHenanបានទៅដល់សួនពិព័រណ៍ផ្កាកុលាបចិនក្រុង Nanyang ដើម្បីចុះត្រួតពិនិត្យពីស្ថានការណ៍ក្នុងតំបន់ដែលពឹងផ្អែកលើឧត្តមភាពផ្នែកផ្កាកុលាបចិន ដើម្បីអភិវឌ្ឍឧស្សាហកម្មមានលក្ខណៈពិសេស ដែលអាចផ្តល់ឱកាសការងារសម្រាប់មហាជន។
មាន១០ពណ៍ ដើមឈើបុរាណអាយុ១០០ឆ្នាំ ២០០០ប្រភេទ ទិន្នផលប្រចាំឆ្នាំមានទំហំ២,៥ ពាន់លានយាន់ប្រាក់ចិន ... តួលេខទាំងអស់នេះសុទ្ធតែបានពិពណ៌នាអំពីផ្កាកុលាបចិននៃទីក្រុង Nanyang ។សួនពិព័រណ៍ផ្កាកុលាបក្រុង Nanyang ដែលលោកស៊ីជីនភីងបានចុះត្រួតពិនិត្យនេះគឺជាសួនកម្សាន្តស្តីពីផ្កាកុលាបចិនធំជាងគេរបស់ប្រទេសចិន ដែលមានផ្ទៃដីប្រហែល៨៧ហិកតា ។ ចាប់តាំងពីបានបង្កើតឡើងនៅខែតុលាឆ្នាំ ២០១០ សួនពិព័រណ៍ផ្កាកុលាបចិននេះទទួលបានទេសចរជាតិនិងអន្តរជាតិសរុបជាង ៣ លាននាក់។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុង Nanyang បានអភិវឌ្ឍឧស្សាហកម្មធំ ៗ ចំនួន ៣ រួមមានការបណ្តុះកូនពូជផ្កាកុលាបចិន ការកែច្នៃផ្កានិងទេសចរណ៍វប្បធម៌។ទំហំដាំផ្កាកុលាបចិននៅទីក្រុងនេះមានប្រមាណ១ម៉ឺនហិកតា ដែលបានបណ្តុះកូនពូជ១,៥ពាន់លានដើមក្នុងមួយឆ្នាំ ជំរុញឱ្យប្រជាជនជាង ១៥ម៉ឺននាក់នៅក្នុងទីក្រុងចូលរួមជាមួយឧស្សាហកម្មផ្កាកុលាបចិន។ ផ្កាកុលាបមិនត្រឹមតែសម្រាប់គយគន់ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាឧស្សាហកម្មដែលជួយបង្កើនប្រាក់ចំណូលដល់ប្រជាជនផងដែរ ៕