ថ្ងៃទី១២ ខែឧសភា ពេលបំពេញទស្សនកិច្ចនៅប្រទេសស៊ីរី លោក Javad Zarif រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់បានថ្លែងថា អ៊ីរ៉ង់បានត្រៀមរួចជាស្រេចហើយ ដើម្បីបង្កើត “ទំនាក់ទំនងជិតស្និទ្ធ” ជាមួយអារ៉ាប៊ីសាអូឌីត ប្រទេសស៊ីរីក៏បានសម្តែងការស្វាគមន៍ចំពោះការដែលប្រទេសអារ៉ាប់ធ្វើកិច្ចសហប្រតិបតិ្តការជាមួយគ្នាផងដែរ ។ លោក Javad Zarif បានថ្លែងទៀតថា អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតបានធ្វើការប្រស្រ័យទាក់ទងមួយចំនួនរួចហើយ ភាគីអ៊ីរ៉ង់រំពឹងទុកថា ការប្រស្រ័យទាក់ទងនេះនឹងអាចជួយប្រទេសទាំងពីរឱ្យបង្កើនកិច្ចសហប្រតិបតិ្តការ និងសម្រេចស្ថិរភាពក្នុងតំបន់ ។
ថ្ងៃទី១១ ខែឧសភា លោក Ali Rabie អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់បានគូសបញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមកនេះ យើងបានគាំទ្រនិងស្វាគមន៍ប្រទេសជិតខាងធ្វើកិច្ចសន្ទនាជាមួយគ្នា ក្នុងនោះក៏បូករួមទាំងអារ៉ាប៊ីសាអូឌីតផងដែរ ថ្ងៃនេះយើងហាក់ដូចជាបានបើកបង្អួចនៃក្តីសង្ឃឹម ដើម្បីដោះស្រាយការខ្វែងគំនិតរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ។ គួរបញ្ជាក់ថា ដើម្បីដោះស្រាយការយល់ច្រឡំនិងការខ្វែងគំនិតរវាងភាគីទាំងពីរ ក្រៅពីធ្វើការពិគ្រោះពិភាក្សាអំពីបញ្ហាទ្វេភាគី ប្រទេសទាំងពីរក៏បានធ្វើការផ្លាស់ប្តូរពីបញ្ហាក្នុងតំបន់ផងដែរ ប៉ុន្តែខ្លឹមសារលម្អិតនិងលទ្ធផលពាក់ព័ន្ធនឹងត្រូវពិគ្រោះពិភាក្សាថែមមួយកម្រិតទៀតបន្ទាប់ពីបញ្ចប់កិច្ចចរចា ៕