ខណៈពេលមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៤ ជិតនឹងបើកធ្វើ លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានគំរាមកំហែងនាពេលថ្មីៗកន្លងទៅនេះថា ការបដិសេធមិនឱ្យចិនតៃវ៉ាន់ចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកនេះ"នឹងបង្កផលប៉ះពាល់ដល់គោលដៅសុខាភិបាលជាសកល" ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃប្រទេស G7 ដែលបានបើកធ្វើនាពេលមុននេះមិនជាយូរប៉ុន្មានក៏បានឃោសនាបំប៉ោងពីអ្វីដែលហៅថា គាំទ្រចិនតៃវ៉ាន់ឱ្យចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកនេះក្នុងសេចក្តីថ្លែងការណ៍រួមផងដែរ ។
ក៏ដូចគ្នានឹងឆ្នាំមុនៗដែរ ឆ្នាំនេះអង្គការសុខភាពពិភពលោកបានបដិសេធម្តងទៀតមិនព្រមចេញសេចក្តីអញ្ជើញទៅកាន់អាជ្ញាធរតៃវ៉ាន់។ ក្នុងនាមជាខេត្តមួយរបស់ប្រទេសចិន ប្រសិនបើតៃវ៉ាន់ចង់ចូលរួមសកម្មភាពរបស់អង្គការអន្តរជាតិ ដូចជាអង្គការសុខភាពពិភពលោកជាដើម ចាំបាច់ត្រូវអនុវត្តតាមគោលការនណ៍ចិនតែមួយ ។ នេះគឺជាគោលការណ៍ជាមូលដ្ឋានដែលត្រូវបានបញ្ជាក់ក្នុងសេចកី្តសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនិងសេចកី្តសម្រេចចិត្តលេខ ២៥.១ នៃមហាសន្និបាតសុខភាពពិភពលោក ។ បន្ទាប់ពីបានឡើងកាន់អំណាចមក បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់បានបដិសេធមិនទទួលស្គាល់"មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី ២ ខែ កញ្ញា" នោះទេ ហើយប៉ុនប៉ងចង់ឱ្យចិនតៃវ៉ាន់ឯករាជ្យតាមតែទំនើងចិត្ត ។ នេះគឺជាដើមហេតុដែលបណ្តាលឱ្យចិនតៃវ៉ាន់បាត់បង់លក្ខណសម្បត្តិសម្រាប់ចូលរួមមហាសន្និបាតសុខភាពពិភពលោក ។
ទាក់ទងនឹងចំណុចនេះ អ្នកនយោបាយអាមេរិកមួយចំនួនមិនមែនមិនដឹងច្បាស់នោះទេ តែពួកគេមិនចង់បាត់បង់ឱកាសណាមួយដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិននោះឡើយ ។ ដូចនេះ ពួកគេបានប្រឌិតពាក្យភូតកុហកបន្ទាប់ពីផ្ទុះជំងឺកូវីដ ១៩ ដោយបានមួលបង្កាច់ថា ប្រទេសចិនបានរារាំងមិនឱ្យតំបន់តៃវ៉ាន់ចូលរួមសកម្មភាពរបស់អង្គការសុខភាពពិភពលោកនិង"បង្កផលប៉ះពាល់ដល់សុខុមាលភាពសង្គមរបស់តំបន់តៃវ៉ាន់ជាដើម ។ អ្នកនយោបាយអាមេរិកទាំងនេះប៉ុនប៉ងលាបពណ៌ដែលហៅថា "គុណធម៌" សម្រាប់ទង្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ។
តើការពិតវាយ៉ាងណា ? អ្វីដែលមជ្ឈដ្ឋានខាងក្រៅបានមើលឃើញគឺ បន្ទាប់ពីបានផ្ទុះជំងឺកូវីដ ១៩ រដ្ឋាភិបាលមជ្ឈិមចិនបាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងធំសម្បើមដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រវាងត្រើយទាំងសងខាង។ ឧទាហរណ៍ ដូចជា ចិនដីគោកធ្លាប់អញ្ជើញអ្នកជំនាញផ្នែកសុខាភិបាលនៃចិនតៃវ៉ាន់ឱ្យត្រួតពិនិត្យការងារនៅក្រុងវ៉ូហាន ខេត្ត ហ៊ូប៉ី ហើយបានជូនដំណឹងដល់តំបន់តៃវ៉ាន់អំពីការរីករាលដាលនៃជំងឺឆ្លងសរុបជាង ២០០ លើក ។ ដោយសារបានរក្សាការប្រាស្រ័យទាក់ទងយ៉ាងរលូនជាមួយអង្គការសុខភាពពិភពលោក បានជាតំបន់តៃវ៉ាន់អាចទទួលបានព័ត៌មានអំពីវ៉ាក់សាំងជំងឺកូវីដ ១៩ ឱ្យបានទាន់ពេលវេលានិងល្អពេញលេញព្រមទាំងបានចូលរួម"កម្មវិធីCOVAX"។ ប្រការនេះអាចឃើញថា ពាក្យសំដីរបស់អាមេរិកដែលថា "ចិនដីគោករារាំងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងរបស់តៃវ៉ាន់ គឺជាពាក្យសម្តីខុសទំនងសុទ្ធសាធ ។
ប្រឈមមុខនឹងការលំបាកក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងនៅចិនតៃវ៉ាន់ អ្នកនយោបាយអាមេរិកទាំងនោះដែលនិយាយតែមាត់ថា នឹងផ្តល់ការគាំទ្រដល់តំបន់តៃវ៉ាន់មិនបានផ្តល់ជំនួយជាក់ស្តែងដល់តៃវ៉ាន់ទោះតាមទម្រង់ណាក៏ដោយ ។ មន្ត្រីតំបន់តៃវ៉ាន់បានថែ្លងកាលពីថ្ងៃទី ១៩ ខែឧសភា ថា រហូតដល់បច្ចុប្បន្ន អាមេរិកមិនបានលក់វ៉ាក់សាំងណាសូម្បីតែមួយដូសទៅឱ្យតំបន់តៃវ៉ាន់នោះទេ ។
ក៏ដូចគ្នានឹងឆ្នាំមុនៗដែរ ការលេងកលល្បិចនយោបាយរបស់ប្រទេសមួយចំនួនតូចដែលក្នុងនោះបូករួមទាំងសហរដ្ឋអាមេរិកជាដើមដែលប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេសពិតជានឹងទទួលបរាជ័យម្តងទៀតជាមិនខាន ៕