គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនCRBC និងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិនសម្រេចការសាងសង់បាន៥០ភាគរយហើយ

2021-05-21 16:47:24 |ប្រភព:វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ សន្ទុះនៃការស្ថាបនាផ្លូវល្បឿន លឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបាន៥០ភាគរយហើយ បើគិតមកដល់ខែឧសភា ឆ្នាំ២០២១នេះ ដោយដំណើរការសាងសង់នៅតែបន្តជាធម្មតា បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ។

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យានិង ទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែឧសភានេះបានបញ្ជាក់ថា សន្ទុះនៃការ សាងសង់នេះ គឺដើរទន្ទឹមគ្នានឹងផែនការដែលបានគ្រោងទុក ដោយមិនមានការរាំងស្ទះនោះឡើយ និងរំពឹងថា នឹងរួចរាល់ជាស្ថាពរទៅតាមការគ្រោងទុក។ លោកបញ្ជាក់ថា កម្លាំងពលកម្មទៅលើការដ្ឋាននេះ មិនបានរាំងស្ទះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នោះឡើយ។

តាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋាន សាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។

តាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឱ្យដឹងថា ការស្ថាបនាផ្លូវក្រាលបេតុងលើខ្សែផ្លូវទាំងមូលបានចាប់ផ្តើមជាផ្លូវការហើយ ខណៈ ស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងផ្លូវនេះ បានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរ។

គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

នៅលើកំណាត់ផ្លូវនេះ នឹងត្រូវសាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែងមានប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំនិងស្ពានមធ្យមចំនួន៨០កន្លែងមានប្រវែងសរុប៦.០១៥ម៉ែត្រ។ ជាមួយគ្នានេះ មានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែង ផ្លូវប្រសព្វចំនួន២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះចំនួន២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន២០កន្លែង ព្រមទាំងសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវចំនួន៤កន្លែង  និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង៕