ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Parviz Koohafkan ប្រធានមូលនិធបេតិកភណ្ឌវប្បធម៌កសិកម្មពិភពលោកបានលើកឡើងថា លោកYuan Longping បានរួមវិភាគទានយ៉ាងសំខាន់ដល់សន្តិសុខស្បៀងអាហាររបស់ប្រទេសចិនក៏ដូចជាពិភពលោកផងដែរ ។ លោកបានថ្លែងថា ខ្លួនលោកផ្ទាល់គឺជាសាក្សីនៃភាពជោគជ័យរបស់ប្រទេសចិនលើវិស័យកសិកម្ម ។ លោកបានយល់ឃើញថា លោកបណ្ឌិតសភាចារ្យYuan Longping ដែលខិតខំសិក្សាស្រាវជ្រាវអំពីស្រូវហាយប្រ៊ីតបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការលុបបំបាត់ភាពក្រីក្រនិងសន្តិសុខស្បៀងអាហាររបស់ប្រទេសចិន ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ស្រូវហាយប្រ៊ីតបានត្រូវដាំដុះយ៉ាងទូលំទូលាយនៅប្រទេសឥណ្ឌា បង់ក្លាដែស ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន អាមេរិក ប្រេស៊ីល ម៉ាដាហ្គាស្ការជាដើម ដែលមានផ្ទៃដីដាំដុះ ៨លានហិកតាក្នុងមួយឆ្នាំ ៕