ភ្នំពេញ៖សមាជិកសភាកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេសប្តេជ្ញាគាំទ្រគ្នាគ្រប់កាលៈទេសៈលើការងារកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីបម្រើនូវផលប្រយោជន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ នៃប្រទេសទាំងពីរ។
នៅរសៀលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១នេះ គណៈប្រតិភូសមាជិកសភាវ័យក្មេង នៃរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ បានចូលរួមកិច្ចប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូអនឡាញ ជាមួយសមាជិកសភាវ័យក្មេង នៃសភាប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោកជំទាវ វ័ង ហុងយៀន (Wang Hongyan) សមាជិកសភា នៃសភាប្រជាជនចិនទូទាំងប្រទេស លេខាធិការនៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាល នៃសម្ព័ន្ធយុវជនបក្សកុម្មុយនីស្តចិន និងជាប្រធានសម្ព័ន្ធយុវជនចិន ។
ឯកឧត្តម ហ៊ុន ម៉ានីបានមានប្រសាសន៍ថា កិច្ចប្រជុំនេះ បានលើកយកប្រធានបទសំខាន់ៗចំនួនបី មកពិភាក្សា រួមមាន៖
- ប្រធានបទទី១៖ «ការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ការលើកស្ទួយពហុភាគីនិយម និងការកសាងវិបុលភាពសម្រាប់មនុស្សជាតិ តាមរយៈកិច្ចគាំទ្រឥតឈប់ឈរ និងសហការគ្នាលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈក្នុងអំឡុងពេល និងក្រោយជំងឺរាតត្បាតកូវីដ-១៩»។
បទអន្តរាគមន៍ប្រធានបទទី១នេះរួមមាន ភាគីកម្ពុជាដោយ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ភាគីចិនដោយ ឯកឧត្តម ឈិន ហ្វូលិ សមាជិកគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រជាជនចិនទូទាំងប្រទេស និងឯកឧត្តម ជួ គ័ង សមាជិកសភា នៃសភាខេត្តយូណាន។
- ប្រធានបទទី២៖ «ការកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសង្គម ដោយជំងឺកូវីដ-១៩ និងការលើកកម្ពស់នូវភាពធន់ ក្រោយការរាតត្បាតជាសកលនៃជំងឺនេះ៖ បទពិសោធន៍ និងទស្សនៈទាន»។ បទអន្តរាគមន៍ប្រធានបទទី២នេះរួមមាន ភាគីកម្ពុជាដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ភាគីចិនដោយ ឯកឧត្តម គួ ហុងឈាន សមាជិកសភា នៃសភាប្រជាជនចិនទូទាំងប្រទេស។
- ប្រធានបទទី ៣៖ «ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាចិន-កម្ពុជា ជាពិសេស ទំនាក់ទំនងនៃសជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ ឆ្ពោះទៅកាន់ការពង្រឹងនីតិរដ្ឋ»។
បទអន្តរាគមន៍ប្រធានបទទី៣នេះរួមមាន ភាគីកម្ពុជាដោយ លោកជំទាវ ម៉ាណ ណាវី តំណាងស្រ្តមណ្ឌលរាជធានីភ្នំពេញ ភាគីចិនដោយ ឯកឧត្តម វ័ង សិន សមាជិកសភា នៃសភាតំបន់វិនហ្សាន ខេត្តយូណាន។
សូមជម្រាបថា កិច្ចប្រជុំទ្វេភាគីរវាងសមាជិកសភាវ័យក្មេងកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូនេះ ប្រព្រឹត្តទៅក្នុងគោលដៅបន្តស្មារតីនៃលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ចាន់ស៊ូ ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
តាមរយៈកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំសភា នៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចប្រជុំទ្វេភាគីរវាងសមាជិកសភាវ័យក្មេងកម្ពុជា-ចិននេះ គឺជាការសបញ្ជាក់ពីការបន្តរក្សាចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន ទាំងផ្នែកនីតិបញ្ញាតិ និងនីតិប្រតិបត្តិ ជាពិសេសក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់សមាជិក នៃរដ្ឋសភាកម្ពុជា បើទោះឋិតក្នុងស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ ក៏នៅតែបន្តបំពេញការងារយ៉ាងសស្រាកសស្រាំដើម្បីសម្រេចលើកិច្ចការចាំបាច់នានា ដែលបម្រើប្រយោជន៍រួមសម្រាប់ប្រទេសជាតិ និងប្រជាជន។
សូមបញ្ជាក់ថា ស្ថាប័នសភាប្រទេសកម្ពុជា និងចិនកន្លងមកបានបានពង្រឹងកិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំង ២ ដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំដោយថ្នាក់ដឹកនាំជំនាន់មុនៗឱ្យកាន់តែស្អិតល្មួត និងស្ថិតស្ថេរយូរអង្វែង ហើយបន្តគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័ន សភាទាំង ២ នៅលើបញ្ហាតំបន់ និងអន្តរជាតិ៕
លោកចេម ហត