លោកវ៉ាងអ៊ី ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកDominic Raabរដ្ឋមន្រ្តីការបរទេសនិងអភិវឌ្ឍន៍កិច្ចការអន្តរជាតិប្រទេសអង់គ្លេស

2021-05-28 15:50:04 |ប្រភព:CRI

  កាលពីថ្ងៃទី ២៧ ខែ​ឧសភា លោក​វ៉ាងអ៊ី សមាជិក​ក្រុមប្រឹក្សាកិច្ចការរដ្ឋ​និងជា​រដ្ឋមន្រ្តី​ក្រសួងការបរទេស​ចិន​បាន​ធ្វើ​កិច្ចសន្ទនា​តាមទូរស័ព្ទ​ជា​មួយ​លោក​Dominic Raabរដ្ឋមន្រ្តីការបរទេស​និង​អភិវឌ្ឍន៍​កិច្ចការអន្តរជាតិនៃ​ប្រទេស​អង់គ្លេស​តាម​ការ​ណាត់។

  ថ្លែង​ក្នុង​កិច្ចជំនួប លោក​វ៉ាងអ៊ី​បាន​លើកឡើងថា ភាគីទាំងពីរគួរប្រកាន់ខ្ជាប់​​ស្មារតី​គោរព​គ្នា ធ្វើ​កិច្ចសន្ទនា​ដោយសមភាព បង្កើន​ការ​យល់​ដឹង​ពីគ្នា លុប​បំបាត់​ភាពមន្ទិលសង្ស័យ​ បកស្រាយ​ឱ្យ​ច្បាស់​ពី​ការពិត ព្រម​និង​បែងចែកការខុសនិងត្រូវ ។ ​“ការទូតមេក្រូ”មិន​អាចទទួល​យក​បាន​ទេ ការ​ធ្វើ​នយោបាយបក្ខពួកនិយម​កាន់តែ​មិន​សម​ស្រប​នឹងសំណូមពរនៃ​យុគសម័យទៅទៀត​ ។ ប្រទេសចិន​រីករាយ​ប្រកាន់​អាកប្បកិរិយា​បើក​ចំហដើម្បី​បន្ត​ធ្វើ​ការផ្លាស់ប្តូរ​អំពី​បញ្ហារំសើប​ជា​មួយ​ប្រទេសអង់គ្លេស​ ប៉ុន្តែ​ត្រូវ​តែ​គោរព​អធិបតេយ្យភាព​និង​បូរណភាពទឹកដី​ចិន​ គោរព​​ផ្លូវ​​អភិវឌ្ឍន៍ដែលប្រជាជន​បាន​ជ្រើសរើស​ដោយ​ម្ចាស់ការ និង​គោរព​សិទ្ធិ​របស់ប្រទេសចិន​ដែល​មិនទទួល​យកការជ្រៀតជ្រែក​និង​ដោះស្រាយ​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួនពីកម្លាំង​ខាងក្រៅ​ ។

  ជាការឆ្លើយតប លោក​​Dominic Raabបាន​ថ្លែងថា ទំនាក់ទំនង​រវាង​ប្រទេស​អង់គ្លេ​ស​និង​ចិន​មាន​មូលដ្ឋាន​ជ្រាលជ្រៅនិង​រឹងមាំ​ ។ ទោះបីជា​​ប្រទេសទាំង​ពីរ​មាន​ការ​ខ្វែងគំនិត​ខ្លះ​ក្តី ប៉ុន្តែ​ភាគីអង់គ្លេស​រីករាយ​ប្រកាន់ខ្ជាប់​ស្មារតី​ដែល​គោរព​គ្នា​ ​ស្វែងរកចំណុច​ឯកភាពគ្នា​និងរក្សាទុក​ចំណុច​ខ្វែងគំនិត បង្កើន​ការផ្លាស់ប្តូរ​និងការ​ប្រាស្រ័យ​ទាក់ទង​ដោយ​មាន​វិចារណញ្ញាណ​ជា​មួយ​ភាគីចិន​ សំដៅ​បង្កើនការ​យល់​ដឹង​ពី​គ្នា​ជាបន្តបន្ទាប់​ ដើម្បី​យក​​​កិច្ចសហប្រតិបត្តិការមកបញ្ជាក់​ពី​​និយម​ន័យ​នៃ​ទំនាក់ទំនង​រវាង​ភាគីទាំង​ពីរ តែមិនមែន​ការខ្វែងគំនិត​នោះទេ ៕