កាលពីថ្ងៃទី៣០ខែឧសភា លោកលីខឹឈាង នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលលើកទីពីរនៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតងនិងគោលដៅសកលតាមប្រព័ន្ធវីដេអូ ។
លោកលីខឹឈាងបានថ្លែងថា លោកប្រធានរដ្ឋចិនស៊ីជីនភីងបានប្រកាសថា ប្រទេសចិននឹងខិតខំប្រឹងប្រែងសម្រេចការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនៅមុនឆ្នាំ២០៣០និងសម្រេចអព្យាក្រឹតភាពកាបូនមុនឆ្នាំ២០៦០ ។ ចិននឹងបង្កើតនិងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធសេដ្ឋកិច្ចអភិវឌ្ឍន៍វិលជុំដោយកាបូនទាប ជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមបែបបៃតងគ្រប់ជ្រុងជ្រោយ ។ ចាត់ទុកការកាត់បន្ថយកាបូនជាទិសដៅយុទ្ធសាស្ត្រសំខាន់ ដើម្បីជំរុញការកាត់បន្ថយដោយមានប្រសិទ្ធភាពនូវសារធាតុបំពុលនិងកាបូនជាមួយគ្នា ។
លោកលីខឹឈាងបានលើកឡើងសំណើបីចំណុច ទីមួយគឺធ្វើកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នា រួមគ្នាយកឈ្នះលើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកល ទីពីរគឺផ្លាស់ប្តូរគំនិតអភិវឌ្ឍន៍ ដើម្បីជំរុញការផ្លាស់ប្តូររូបមន្តទៅជាកាបូនទាបនិងបៃតង ។ ទីបី គឺយកចិត្តទុកដាក់ដល់ការលំបាកជាពិសេសរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។
លោកលីខឹឈាងបានគូសបញ្ជាក់ថា បៃតងបានសម្រេចនូវគុណភាពនៃការអភិវឌ្ឍនាពេលអនាគត ។ ភាគីចិនរីករាយរួមជាមួយភាគីនានា ពួតដៃជំរុញការងើបឡើងវិញដោយបៃតង និងរួមគ្នាត្រួសត្រាយអនាគតកាន់តែល្អបវររបស់មនុស្សជាតិ ៕