ថ្ងៃទី៣០ ខែ ឧសភា សន្និសីទរដូវផ្ការីកនៃវេទិកាហិរញ្ញវត្ថុអន្តរជាតិបានចេញផ្សាយ«របាយការណ៍អំពីប្រទេសចិននៃវេទិកាហិរញ្ញវត្ថុអន្តរជាតិឆ្នាំ២០២១» ។ ក្នុងរបាយការណ៍នេះ លទ្ធផលស្ទង់មតិប្រចាំឆ្នាំលើកទីបួននៃធនាគារកណ្តាលរបស់ប្រទេស “ខ្សែក្រវាត់និងផ្លូវ”បានបង្ហាញថា ធនាគារកណ្តាលដែលបានចូលរួមផ្តល់ប្រជាមតិ មានចំនួន៨៧ភាគរយសម្គាល់ឃើញថា គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”មានអំណោយផលដល់សេដ្ឋកិច្ចងើបឡើងវិញបែបបៃតងក្នុងយុគសម័យបន្ទាប់ពីជំងឺកូវីដ១៩ ក្នុងនោះមានអ្នកផ្តល់បទសម្ភាសន៍៧៥ភាគរយសម្គាល់ឃើញថា គម្រោងទាំងនេះមានអំណោយផលដល់ការងើបឡើងវិញបែបបៃតងនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។
លទ្ធផលនៃរបាយការណ៍ស្ទង់មតិបានបង្ហាញឱ្យឃើញថា វិធានការបិទខ្ទប់ទីក្រុងនិងរក្សាគម្លាតសុវត្ថិភាពក្នុងសង្គម មានផលប៉ះពាល់ជាបណ្តោះអាសន្នទៅលើគម្រោងសំខាន់ៗមួយចំនួន ប៉ុន្តែប្រទេសចិនមិនបានកាត់បន្ថយការគាំទ្រដល់គម្រោង “ខ្សែក្រវាត់និងផ្លូវ”ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នោះទេ ។ ធនាគារកណ្តាលភាគច្រើនដែលបានចូលរួមផ្តល់ប្រជាមតិរំពឹងទុកថា គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”នឹងជំរុញកំណើនGDP របស់ប្រទេសខ្លួនក្នុងរយៈពេល៥ឆ្នាំខាងមុខ ។
របាយការណ៍បានលើកឡើងទៀតថា ខណៈពេលធ្វើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ បណ្តាប្រទេសនានាចាំបាច់ត្រូវពន្លឿនកិច្ចសហប្រតិបតិ្តការ និងអនុវត្តតាមពាក្យសន្យាអំពីការអភិរក្សបរិស្ថានដែនដី ។ ការវិនិយោគលើគម្រោងការបូនទាបនិងបង្កើតប្រព័ន្ធធម្មជាតិដ៏មានសុខភាព ជាមធ្យោបាយតែមួយគត់ដើម្បីធានាឱ្យមុខរបរហិរញ្ញវត្ថុទទួលបានផលកម្រៃក្នុងរយៈពេលយូរ ៕