ពេលកន្លងទៅថ្មីៗនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសប៉ូឡូញ ស៊ែប៊ី អៀរឡង់និងហុងគ្រីបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់។ លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង៤នេះនៅក្រុងគុយយ៉ាងប្រទេសចិន។ នេះជាកិច្ចជំនួបទល់មុខគ្នាលើកដំបូងរវាងរដ្ឋមន្រ្តីការបរទេសចិននិងរដ្ឋមន្រ្តីការបរទេសនៃប្រទេសអឺរ៉ុបក្នុងឆ្នាំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅនិងប្រកបដោយភាពស្មោះត្រង់ ហើយបានឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយ។
ថ្លែងក្នុងកិច្ចជំនួប លោកវ៉ាងអ៊ីបានលើកឡើងថា សភាពលំបាកក្នុងទំនាក់ទំនងរវាងចិននិងអឺរ៉ុបបច្ចុប្បន្នមិនមែនជាអ្វីដែលភាគីចិនចង់ឃើញនោះទេ ព្រោះវាមិនសមស្របទាំងស្រុងនឹងផលប្រយោជន៍ជាមូលដ្ឋាននិងវែងឆ្ងាយរបស់ភាគីទាំងពីរ ។ រំពឹងថា ភាគីទាំងពីរអាចបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសន្ទនា ពុះពារឧបសគ្គយ៉ាងប្រាកដប្រជា ដើម្បីបន្តធ្វើកិច្ចសហប្រតិបត្តិការថ្មីតទៅទៀត។
លោកវ៉ាងអ៊ីបានគូសបញ្ជាក់ទៀតថា ទិសដៅអភិវឌ្ឍន៍តែមួយគត់នៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបដែលសមស្របនឹងចរន្តយុគសម័យនិងការរំពឹងទុករបស់ប្រជាជនគឺកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ គោលការណ៍សំខាន់បំផុតដែលការផ្លាស់ប្តូររវាងចិននិងអឺរ៉ុបគួរតែប្រកាន់ខ្ជាប់គឺគោរពគ្នាទៅវិញទៅមកនិងការស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកគំនិតមិនស្របគ្នា ទំនួលខុសត្រូវសំខាន់បំផុតដែលភាគីទាំងពីរចិននិងអឺរ៉ុបគួររ៉ាប់រងគឺគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ជំរុញការអភិវឌ្ឍនិងវិបុលភាពរួម។ ចិននិងអឺរ៉ុបគួរតែប្រកៀកស្មាគ្នា ដើម្បីរួមគ្នាធ្វើរឿងជាក់ស្តែងនិងរឿងល្អកាន់តែច្រើនជូនដល់ពិភពលោក៕