តាំងពីបក្សកុម្មុយនិស្តចិនបានបង្កើតឡើងកាលពីឆ្នាំ១៩២១ ការហ៊ានធ្វើកំណែទម្រង់ចំពោះខ្លួនឯង ក៏បានក្លាយជាចរិតលក្ខណៈយ៉ាងលេចធ្លោរបស់បក្សកុម្មុយនិស្តចិនផងដែរ នេះជាឧត្តមភាពធំបំផុតរបស់បក្សកុម្មុយនិស្តចិនផង ហើយក៏ជាមូលហេតុគន្លឹះដែលជំរុញឱ្យប្រទេសចិនទទួលបានសមិទ្ធផលអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ផងដែរ ។
ហេតុអ្វីបានជាបក្សកុម្មុយនិស្តចិនមានសេចក្តីអង់អាចក្លាហានក្នុងការធ្វើកំណែទម្រង់ចំពោះខ្លួនឯង គឺដោយមកពីបក្សកុម្មុយនិស្តចិនគ្មានផលប្រយោជន៍ពិសេសផ្ទាល់ខ្លួនអ្វីឡើយ ក្រៅពីផលប្រយោជន៍ប្រទេសជាតិ ជនជាតិនិងប្រជាជន ។ ការមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ទើបអាចគិតពិចារណាដល់បញ្ហាគន្លឹះនិងផលប្រយោជន៍ទូទៅ ទើបអាចត្រួតពិនិត្យខ្លួនឯង លើមូលដ្ឋានធាតុពិតនិងកម្មវត្ថុរបស់បក្ស ក៏ដូចជាផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនផងដែរ ធ្វើអ៊ីចឹង ទើបអាចរកឃើញគុណវិបតិ្តនិងពុះពារឧបសគ្គ រកឃើញបញ្ហានិងដោះស្រាយបញ្ហា ព្រមទាំងរកឃើញកំហុសរបស់ខ្លួននិងកែតម្រូវកំហុសដោយទាន់ពេលវេលា ។
បើរំលឹកឡើងវិញពីដំណើរអភិវឌ្ឍន៍ដ៏មហិមារបស់បក្សកុម្មុយនិស្តចិន អ្នកផងទាំងពួងបានមើលឃើញថា បក្សកុម្មុយនិស្តចិនបានធ្វើការតស៊ូដោយពឹងផ្អែកទៅលើប្រជាជនចិន ក្នុងដំណើរស្វែងរកនិងប្រកាន់ខ្ជាប់សច្ចធម៌និងកែតម្រូវកំហុស បានធ្វើការកែទម្រង់ខ្លួនឯងនិងធ្វើឱ្យមានភាពឆ្នើមជាងខ្លួនឯងឥតឈប់ឈរ ។ ជាពិសេស កាលពីឆ្នាំ១៩៧៨ ប្រទេសចិនបានសម្រេចចិត្តអនុវត្តគោលនយោបាយធ្វើការកែទម្រង់និងបើកទូលាយ ការកែទម្រង់និងបើកទូលាយជាបដិវត្តន៍ដ៏មហិមាដែលដឹកនាំដោយបក្សកុម្មុយនិស្តចិន ហើយបដិវត្តន៏លើកនេះ ក៏បានជំរុញដល់ការលោតផ្លោះដ៏មហិមានៃបុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិនផងដែរ ។
កំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិនក៏បានជិះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ពិភពលោកផងដែរ បើនិយាយចំពោះសេដ្ឋកិច្ចសកល កំណើនសេដ្ឋកិច្ចចិនដែលមានចំនួនប្រជាជនត្រូវជា១ភាគ៥នៃចំនួនប្រជាជនពិភពលោក គឺជាការរួមចំណែកដ៏សំខាន់មួយ ។ ចាប់តាំងពីបានធ្វើការកែទម្រង់និងបើកទូលាយមក ល្បឿននិងរយៈពេលនៃកំណើនសេដ្ឋកិច្ចចិនសុទ្ធតែកាន់លំដាប់ថ្នាក់ឈាមមុខនៅលើពិភពលោក ហើយបានផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល ។ អត្រារួមចំណែករបស់ប្រទេសចិនសម្រាប់កំណើនសេដ្ឋកិច្ចសកលបានលើសពី៣០ភាគរយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសចិនជាអ្នករួមចំណែកធំបំផុតនៃកំណើនសេដ្ឋកិច្ចសកល មិនថាប្រទេសរីកលូតលាស់ឬមួយក៏ប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ ក៏សុទ្ធតែទទួលបានកាលានុវត្តភាពដ៏ធំធេងពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ។
ការកែទម្រង់ចំពោះខ្លួនឯងរបស់បក្សកុម្មុយនិស្តចិនក៏បានបង្ហាញឱ្យឃើញនៅត្រង់ការធ្វើឱ្យខ្លួនឯងមានសុក្រឹតភាពឥតឈប់ឈរ ការរក្សាឥរិយាបថស្អាតស្អំ ការកាន់រដ្ឋអំណាចដើម្បីបម្រើដល់ប្រជាជន ការមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន និងការមិនអត់ឱនឱ្យអំពើពុករលួយរបស់មន្ត្រីមួយចំនួនតូចជាដាច់ខាត ។ តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក បក្សកុម្មុនិស្តចិនបានបង្កើតជាបណ្តើរៗនូវគោលការណ៍ណែនាំសម្រាប់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមួយឈុត ពោលគឺ “មិនហ៊ានប្រព្រឹតិ្តអំពើពុករលួយ មិនអាចប្រព្រឹតិ្តអំពើពុករលួយនិងមិនចង់ប្រព្រឹតិ្តអំពើពុករលួយ” ។ លោក អាឡិចសាន់ដឺ ហ្សឺលេនកូវ អ្នកជំនាញអំពីបញ្ហាអាស៊ីនៃស្ថានីយវិទ្យុសំឡេងរុស្ស៊ីបានថ្លែងថា ប្រទេសចិនប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការប្រឆាំងអំពើពុករលួយ ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ បក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់ដល់ការងារប្រឆាំងអំពើពុករលួយ ហើយខិតខំប្រឹងប្រែងក្នុងការដោះស្រាយជាប្រព័ន្ធនូវបញ្ហាពុករលួយ ប្រទេសចិនបានរកឃើញគោលនយោបាយប្រឆាំងអំពើពុករលួយដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន និងប្រកបដោយប្រសិទ្ធភាព ។ ដោយឡែក មន្ត្រីនៃរដ្ឋាភិបាល អ្នកទទួលខុសត្រូវបក្សកាន់អំណាចនិងបញ្ញវន្តរបស់ប្រទេសកម្ពុជាក៏បាននាំគ្នាថ្លែងថា តាំងពីសមាជបក្សកុម្មុយនិស្តចិនលើទី ១៨មក ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយបានបង្កើតជានិន្នាការទូទៅ ទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ហើយក៏ទទួលបានទំនុកចិត្តកាន់តែច្រើនពីសំណាក់ប្រជាជនចិនផងដែរ បទពិសោធន៍របស់បក្សកុម្មុយនិស្តចិនក្នុងការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង មានតម្លៃផ្តល់បទពិសោធន៍គួរឱ្យបណ្តាប្រទេសនានាលើពិភពលោកយកទៅសិក្សារៀនសូត្រ ។
បក្សកុម្មុយនិស្តចិនបានយល់ដឹងយ៉ាងច្បាស់ថា បើសិនជាចង់ធ្វើឱ្យបក្សមានភាពខ្លាំងក្លា នោះចាំបាច់ត្រូវហ៊ានធ្វើការកែទម្រង់ចំពោះខ្លួនឯង និងធ្វើឱ្យមានភាពឆ្នើមជាងខ្លួនឯង ។ មានតែខិតខំប្រឹងប្រែងធ្វើការកែទម្រង់និងឆ្នៃប្រឌិតថ្មីឥតឈប់ឈរ ទើបអាចមានភាពកាន់តែឆ្នើម ទើបអាចបំពេញបន្ថែមភាពរស់រវើកនិងកម្លាំងចលករក្នុងបុព្វហេតុបក្សនិងប្រជាជនឥតឈប់ឈរ ។ រំលឹកឡើងវិញប្រវតិ្តសាស្ត្រ១រយឆ្នាំ ជានិច្ចកាល បក្សកុម្មុយនិស្តចិនតែងតែប្រកាន់ខ្ជាប់ការស្វែងរកសុខសុភមង្គលជូនចំពោះប្រជាជន ស្វែងរកភាណរុងរឿងដ៏មហិមាឡើងវិញជូនចំពោះប្រទេសជាតិ និងស្វែងរកការអភិវឌ្ឍរួមជូនចំពោះពិភពលោក ។ ឱ្យតែកំណែទម្រង់ចំពោះខ្លួនឯងនិងការធ្វើឱ្យមានភាពឆ្នើមជាងខ្លួនឯង មិនឈប់ឈរ នោះបក្សកុម្មុយនិស្តចិនពិតជានឹងអាចរួមចំណែកកាន់តែថ្មីនិងកាន់តែធំក្នុងការអភិវឌ្ឍនិងការរីកចម្រើនរបស់សង្គមមនុស្សជាតិ ក្នុងបរិបទដែលពិភពលោកបាននិងកំពុងឋិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ប្រទេសចិននឹងទទួលបានសមិទ្ធផលកាន់តែមហិមាជាមិនខាន ៕