ការងារជំនាញឯកទេសត្រូវទុកឱ្យអ្នកជំនាញធ្វើ នេះគឺជាចំណេះដឹងទូទៅ ។ ប៉ុន្តែលើបញ្ហាស្វែងរកប្រភពដើមនៃវីវុរសកូវីដ ១៩ ដែលជាបញ្ហាវិទ្យាសាស្រ្តដ៏ម៉ឺងម៉ាត់និងស្មុគស្មាញ អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានមួយចំនួននៃសហរដ្ឋអាមេរិកបែរជាប៉ុនប៉ងប្រើទោសាគតិខាងនយោបាយជ្រៀតជ្រែកការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្រ្ត ប្រើពាក្យកុហកទៅមួលបង្កាច់ការពិតទៅវិញ ។ ទង្វើបែបនេះបានរំខានយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការស្វែងរកប្រភពដើមនៃវីរុស ប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់មនុស្សជាតិ ។
ការស្វែងរកប្រភពដើមនៃវីរុសគួរតែអាស្រ័យលើភស្តុតាងខាងវិទ្យាសាស្រ្ត ធ្វើការត្រួតពិនិត្យនិងសិក្សាស្រាវជ្រាវដោយអ្នកវិទ្យាសាស្រ្តនិងអ្នកជំនាញវេជ្ជសាស្រ្តក្នុងក្របខ័ណ្ឌសកលក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក។ ប្រទេសចិនបានរួមសហការជាមួយអង្គការសុខភាពពិភពលោកធ្វើការសិក្សាស្រាវជ្រាវនិងស្វែងរកប្រភពដើមនៃវីរុសមុនគេដោយឈរលើការពិតនិងការគោរពវិទ្យាសាស្រ្ត ដែលបានដើរតួនាទីនាំមុខដោយប្រតិបត្តិការជាក់ស្តែង ។ អ្នកជំនាញអន្តរជាតិនៃក្រុមការងារវេជ្ជសាស្រ្តបានវាយតម្លៃជាវិជ្ជមានចំពោះប្រទេសចិនដែលបានប្រកាន់អាកប្បកិរិយាបើកចំហ មានតម្លាភាព និងមានទំនួលខុសត្រូវ ។ ក្នុងរបាយការណ៍សិក្សាស្រាវជ្រាវ ក្រុមការងារចម្រុះបានធ្វើការវាយតម្លៃពីហានិភ័យលើលទ្ធភាពនៃវិធីចម្លងទៅមនុស្សចំនួន ៤ ដែលបង្ហាញឱ្យឃើញថា គ្មានលទ្ធភាពចម្លងទៅមនុស្សតាមរយៈបន្ទប់ពិសោធន៍នោះទេ ។
អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានមួយចំនួននៃសហរដ្ឋអាមេរិកបានបន្តបង្ករឿងថាវីរុសធ្លាយចេញពីបន្ទប់ពិសោធន៍ តែគ្មានភស្តុតាងអ្វីសោះ ។ លោកវេជ្ជបណ្ឌិតហ៊ូម ហ្វេលដ៍ អ្នកជំនាញផ្នែកជំងឺឆ្លងនៃសហរដ្ឋអាមេរិកបានលើកឡើងថា ការធ្វើឱ្យបញ្ហាវិទ្យាសាស្រ្តទៅជាបញ្ហានយោបាយគ្មានផលប្រយោជន៍នោះទេក្នុងការស្វែងរកប្រភពដើមនៃវីរុសកូវីដ ១៩ ហើយវានឹងបង្កជាការមន្ទិលសង្ស័យនិងការមិនជឿទុកចិត្តលើគ្នា ។ ក្នុងដំណើរស្វែងរកប្រភពដើមនៃវីរុស អ្វីដែលមិនគោរពតាមស្មារតីវិទ្យាសាស្រ្តសុទ្ធតែជាអំពើដែលគ្មានការទទួលខុសត្រូវចំពោះមនុស្សជាតិនិងប្រវត្តិសាស្រ្ត ៕