ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា ភាគីចិន ដែលជាមិត្តដែកថែប បានជួយអភិវឌ្ឍកំពង់ផែរាម ស្ថិតនៅខេត្តកោះកុង នៃកម្ពុជាឱ្យទំនើបជាងមុនដោយមិនមានចំណង ឬលក្ខខណ្ឌអ្វីឡើយ ពោលគឺស្របតាម រដ្ឋធម្មនុញ្ញកម្ពុជា មិនមែនសម្រាប់ផ្តាច់មុខឱ្យចិននោះទេ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ ប្រាប់កាសែតក្នុងស្រុកមួយថា រាល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើការងារឱ្យកងទ័ពជើងទឹក ដែលមានតម្រូវការសាងសង់នៅតំបន់រាមនេះ មិនមែនប្រាក់តិចតួចអាចធ្វើបាននោះទេ ហើយកម្ពុជាក៏មិនមានលទ្ធភាពក្នុងការអភិវឌ្ឍន៍ដោយខ្លួនឯងដែរ គឺមានចិនជាដៃគូបានផ្តល់ជំនួយ ហើយថា កម្ពុជាបានរំលឹកអំពីគុណបំណាច់របស់ភាគីចិន ដែលបានជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
សំឡេង «ការរួមចំណែកក្នុងការអភិវឌ្ឍន៍កំពង់ផែរាមនេះ ដើម្បីលើកកម្រិតវិស័យការពារជាតិកម្ពុជា ខាងផ្នែកសមុទ្រ ឬឱ្យកម្ពុជាមានមូលដ្ឋាន ដើម្បីមានកន្លែងសមរម្យ មានរោងជាងសម្រាប់ជួសជុលបណ្តានាវាខាងសមុទ្រ មានផែសម្រាប់ចតនាវាឱ្យបានសមរម្យ ។ សព្វថ្ងៃនេះ គឺឃើញច្បាស់ហើយ ទឹកវារាក់ តូច អត់មានរោងជាងទេ ដូច្នេះគេមកជួយនេះ កម្ពុជាដឹងគុណណាស់ អរគុណគេ ហើយជំនួយនេះមានការជជែកវែកញែកគ្នាច្បាស់លាស់ គេជួយដោយអត់មានចំណងទេ »។
សម្តេចពិជ័យសេនា បញ្ជាក់ថា តើកម្ពុជាមានសិទ្ធិទេ ក្នុងការស្វះស្វែងរកជំនួយមកអភិវឌ្ឍ ប្រទេសខ្លួន ? រដ្ឋធម្មនុញ្ញកម្ពុជា បានចែងច្បាស់ណាស់ ប្រទេសកម្ពុជារក្សាសិទ្ធិទទួលជំនួយបរទេសជាអាវុធ គ្រាប់រំសេវ ការ ហ្វឹកហ្វឺន និងបញ្ហាផ្សេងៗទៀត ដើម្បីការពារជាតិមាតុភូមិរបស់ខ្លួន និងការពារសណ្តាប់ធ្នាប់របស់ប្រទេស។
សម្តេចពិជ័យសេនាបានចាត់ទុកថា ការដែលផ្សាយថា កម្ពុជាបានប្រគល់កំពង់ផែរាមទៅឱ្យចិនគ្រប់គ្រងផ្តាច់មុខ គឺជាការនិយាយបែបងងើល ដែលធ្វើ ដូចជា កម្ពុជាគ្មានច្បាប់ ឬគ្មានសិទ្ធិធ្វើអ្វីទាំងអស់ ។ សម្តេចពិជ័យសេនាបន្តទៀតថា រដ្ឋធម្មនុញ្ញ បានចែងច្បាស់ហើយថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស នៅក្នុងប្រទេសរបស់ខ្លួនទេ ហើយយើងក៏មិនមានមូលដ្ឋានទ័ពនៅក្រៅប្រទេសដែរ ដែលបញ្ហា នេះកម្ពុជាបានបញ្ជាក់ច្រើនលើកច្រើនសាមកហើយ ៕