ប្រទេសចិនរីករាយចាត់ទុកប្រទេសកម្ពុជាជាអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំងជាមួយបរទេស

2021-06-09 18:13:06 |ប្រភព:CRI

  ថ្ងៃទី ៨ ខែមិថុនា​​​ ឆ្នាំ ២០២១ ​នៅទីក្រុងឆុងឈីងនៃប្រទេសចិន ​លោកវ៉ាងយី​ សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាជាមួយឯកឧត្តមប្រាក់សុខុន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន។

  លោកវ៉ាងយីបានថ្លែងថា ចំណងមិត្តភាពប្រពៃណីរវាងរវាងចិននិងកម្ពុជាគឺមានភាពរឹងមាំមិនអាចបំបែកបាន។ ឆ្នាំនេះគឺជាខួបទី ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិននិងខួបទី ៧០ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជាផងដែរ ​ទំនាក់ទំនង​ភាព​ជាដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ចិននិង​កម្ពុជានឹងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍។ប្រទេសចិននឹងគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងសភាពការណ៍ជាក់ស្តែងរបស់ប្រទេសកម្ពុជាដូចគ្រាមុនៗ ។ប្រទេសចិនរីករាយចាត់ទុកប្រទេសកម្ពុជាជាអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំងជាមួយបរទេស  នឹងពុះពាកឧបសគ្គដើម្បីគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសកម្ពុជាក្នុងការយកឈ្នះ​លើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

  លោកវ៉ាងយីបានសង្កត់ធ្ងន់ថា   ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាការរីកចម្រើននៃកម្លាំងសន្តិភាពនិងយុត្តិធម៌ ក៏ជាការពង្រឹងអំណាចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ​  ដែលនឹងចូលរួមចំណែកកាន់តែច្រើនដល់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍពិភពលោកជាពិសេសតំបន់អាស៊ីប៉ាស៊ីហ្វិក។ចិនសូមថ្លែងអំណរគុណដល់ប្រទេសកម្ពុជាដែលតែងតែគាំទ្រជំហរស្របច្បាប់របស់ប្រទេសចិនលើឆាកអន្តរជាតិក្នុងតំបន់។ ប្រទេសចិនក៏នឹងបន្តឈរនៅជាមួយប្រទេសកម្ពុជាដោយមិនស្ទាក់ស្ទើរលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងបញ្ហាដែលយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសកម្ពុជា។

  ឯកឧត្តមប្រាក់សុខុនបានអបអរសាទរយ៉ាងកក់ក្តៅចំពោះខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន លោកបានថ្លែងថា  ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ  ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន  ប្រទេសចិនបានបង្កើតសមិទ្ធិផលដែលទាក់ទាញចំណាប់អារម្មណ៍នៃពិភពលោកទាំងមូល​​  និងបានកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយតាមពេលកំណត់  នេះបង្ហាញយ៉ាងច្បាស់ថា  ប្រទេសចិនបានដើរលើផ្លូវត្រឹមត្រូវទាំងស្រុង។ប្រទេសកម្ពុជាតែងតែអនុវត្តគោលនយោបាយប្រទេសចិនតែមួយ។  គាំទ្រប្រទេសចិន ការពារសិទ្ធិស្របច្បាប់របស់ខ្លួនគឺជាការគាំទ្រយុតិធ៌មនិងសមធម៌ កម្ពុជានឹងបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនក្នុងឱកាសអន្តរជាតិ៕