ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២១ ខែមិថុនា មន្រ្តីចិនជាច្រើនរូបបានធ្វើការអធិប្បាយយ៉ាងក្បោះក្បាយអំពីច្បាប់ស្តីពីកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan ដែលត្រូវបានប្រកាសនិងអនុវត្តនាពេលថ្មីៗកន្លងទៅនេះ ។ នេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា៖ប្រទេសចិននឹងពង្រីកការបើកទូលាយនិងជំរុញសកលភាវូបនីយកម្មផែ្នកសេដ្ឋកិច្ចយ៉ាងដាច់ខាតមិនងារេក ។
ការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan គឺជាវិធានការដ៏សំខាន់នៃកំណែទម្រង់និងការបើកទូលាយដែលលោក Xi Jingping មេដឹកនាំកំពូលចិនបានគ្រោងផែនការ ធ្វើការរៀបចំចាត់ចែងនិងជំរុញដោយផ្ទាល់ ។
កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ ទន្ទឹមនឹង«គម្រោងជាទូទៅអំពីកិច្ចកសាងកំពង់ផែនពាណិជ្ជកម្មសេរីខេត្តHainan»ត្រូវបានដាក់ចេញ ការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan បានចាប់ផ្តើមដំណើរការដោយគ្រប់ជ្រុងជ្រោយព្រមទាំងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ តាមទិន្នន័យបង្ហាញឱ្យដឹងថា ទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញនៃខេត្ត Hainan ក្នុងឆ្នាំ ២០២០ បានឡើងដល់ ៩៣.៥១ ប៊ីលានយាន់ប្រាក់ចិនដែលខ្ពស់ជាងល្បឿនកំណើនគិតជាមធ្យមទូទាំងប្រទេសចិន ១.២ ភាគរយ ការប្រើប្រាស់ទុនបរទេសជាក់ស្តែងនៃខេត្ត Hainan ក្នុងឆ្នាំ ២០២០ បានលើសពី ៣ ប៊ីលានដុល្លារអាមេរិកដែលកើនទ្វេជាពីរដងក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា ក៏ដូចជាការប្រើប្រាស់ទុនបរទេសជាក់ស្តែងក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ នៃខេត្ត Hainan បានឡើងដល់ ៥៦០ លានដុល្លារអាមេរិកដែលបានកើនឡើង ៤.៣ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២០ ។
ការតាក់តែងច្បាប់ស្តីពីកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan គឺជាជំហានសំខាន់ៗដែលប្រែការរៀបចំចាត់ចែងខាងគោលនយោបាយឱ្យក្លាយជាការមានបទដ្ឋានផ្លូវច្បាប់ ហើយក៏ជាការបង្ហាញដ៏សំខាន់នៃការធ្វើនីតិរដ្ឋមុនគេក្នុងការកសាងកំពង់ផែពាណិជ្ជកម្មសេរីផងដែរ ។ អាចឃើញថា ការដាក់ចេញច្បាប់ស្តីពីកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan នឹងបង្កើតជាបរិយាកាសប្រកបអាជីវកម្មដែលកាន់តែមានកម្លាំងទាក់ទាញ ក៏ដូចជាពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តនិងជំនឿចិត្តរបស់សហគ្រាស ជាពិសេស គឺ សហគ្រាសទុនបរទេសចំពោះការប្រកបអាជីវកម្មនៅខេត្ត Hainan ក្នុងរយៈពេលយូរនិងនាំមកនូវឱកាសវិនិយោគជាច្រើននិងផលកម្រៃដ៏ច្រើនសម្បើមដល់ពួកគេ ។
ប្រការដែលគួរឱ្យលើកឡើងនោះ គឺ ខណៈពេលពង្រីកការបើកទូលាយ ការបង្ការនិងគ្រប់គ្រងហានិភ័យក៏មានសារៈសំខាន់ដូចគ្នាផងដែរ ។ "ការមានសមត្ថភាពបង្ការនិងគ្រប់គ្រងហានិភ័យប៉ុនណា ក៏មានចន្លោះកំណែទម្រង់និងបើកទូលាយប៉ុណ្ណឹង "។ ដោយឈរលើមូលដ្ឋាននៃការប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់ក្រហមនៃហានិភ័យ ប្រទេសចិនបានខិតខំប្រឹងប្រែងជំរុញការបើកទូលាយបែបប្រព័ន្ធរបរខាងវិស័យក្បួនច្បាប់ បទប្បញ្ញត្តិ ការគ្រប់គ្រងនិងស្តង់ដារជាដើមក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ។ ការដាក់ចេញច្បាប់ស្តីពីកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan មានន័យថា ប្រទេសចិនបានបោះជំហានថ្មីក្នុងវិស័យបើកទូលាយបែបប្រព័ន្ធរបរ ។
អាចប៉ាន់ប្រមាណថា ការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan ដែលកំពុងដំណើរការតាមផ្លូវនីតិរដ្ឋនឹងបោះជំហានទៅមុខដោយនឹងនរដោយឆ្ពោះទៅរកគោលដៅកំណត់កាលពីមុន។ វានឹងបញ្ជាក់ទៅកាន់ពិភពលោកថា ទ្វារបើកទូលាយរបស់ចិននឹងមិនបិទទេ ផ្ទុយទៅវិញ នឹងបើកកាន់តែធំឡើងៗ ៕