ការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូនឹងរៀបចំពិធីបើកការប្រកួតនៅថ្ងៃទី២៣ខែកក្កដាខាងមុខនៅកីឡដ្ឋានជាតិក្រុងតូក្យូ។ ប្រព័ន្ធសារព័ត៌មានជប៉ុនបានផ្សាយដំណឹងឱ្យដឹងថា ផ្នែកផ្ទៃក្នុងនៃរដ្ឋាភិបាលជប៉ុនបានឯកភាពគ្នាហើយថា នៅថ្ងៃរៀបចំពិធីបើកការប្រកួត នឹងអនុញ្ញាតឱ្យទស្សនិកជនចំនួន២ម៉ឺននាក់ចូលទស្សនា។ ចំណែកការប្រកួតផ្សេងទៀតវិញ នឹងកំណត់ចំនួនទស្សនិកជនត្រឹម១ម៉ឺននាក់ ដោយអនុលោមតាមការកំណត់នៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លង។
លោកKatohnobu katoអគ្គលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុនបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិក ប្រសិនបើផ្ទុះការរីករាលដាលនៃជំងឺឆ្លង នោះ អាជ្ញាធរនឹងលុបចោលការចូលទស្សនាការប្រកួតរបស់ទស្សនិកជនភ្លាម ។
កាសែត«Lianhezaobao»នៃប្រទេសសិង្ហបុរីបានផ្សាយដំណឹងថា បន្ទាប់ពីរំលងអស់រយៈពេលជាងពាក់កណ្តាលសតវត្សរ៍ ប្រទេសជប៉ុនទទួលបានឱកាសរៀបចំការប្រកួតកីឡាអូឡាំពិកម្តងទៀត ដូចនេះ មន្រ្តីភាគច្រើននៅផ្ទៃក្នុងនៃគណបក្សកាន់អំណាចបានធ្វើ"ការវិនិច្ឆ័យខាងនយោបាយ” ដោយឯកភាពគ្នាឱ្យរៀបចំការប្រកួតកីឡាអូឡាំពិកដែលមានទស្សនិកជនចូលទស្សនា ដូច្នេះ ទោះបីជាក្រុមអ្នកជំនាញខាងការបង្ការជំងឺឆ្លងជាតិបានព្រមានម្តងហើយម្តងទៀតថា ការដែលឱ្យទស្សនិកជនចូលមើលការប្រកួតគ្មានអំណោយផលដល់ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងក៏ដោយ ក៏ប៉ុន្តែ លោកYoshihide Sugaនាយករដ្ឋមន្រ្តីជប៉ុននៅតែមិនព្រមធ្វើសម្បទានក្នុងរឿងនេះទេ៕