អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការដែលប្រទេសជាមិត្តថ្លែងសុន្ទរកថារួមដើម្បីសម្តែងការគាំទ្រដល់ប្រទេសចិនក្នុងកិច្ចប្រជុំលើកទី៤៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

2021-06-23 18:40:25 |ប្រភព:CRI

  ថ្ងៃ​ទី​២២​ខែ​មិថុនា អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ឆ្លើយ​សំណួរ​របស់​អ្នក​សារ​ព័ត៌មានអំពី​ការ​ដែល​ប្រទេស​ជា​មិត្ត​ថ្លែង​សុន្ទរកថា​រួម​ដើម្បី​សម្តែង​ការ​គាំទ្រ​ដល់​ប្រទេស​ចិន​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៤៧​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

  អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ថ្លែង​ថា ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៤៧​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គ​ការ​សហប្រជាជាតិនៅ​ថ្ងៃ​ទី​២២​ខែ​មិថុនា ប្រទេស​បេឡារុស​តំណាង​ឱ្យ​ប្រទេស​ចំនួន​៦៥​ថ្លែង​សុន្ទរកថារួម ដោយ​គូស​បញ្ជាក់​ថា ការ​គោរព​អធិបតេយ្យភាព​ ឯករាជ្យ​និង​បូរាណភាព​ទឹក​ដី​នៃ​បណ្តា​ប្រទេស​នានា និង​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​មាន​អធិបតេយ្យ​ភាព គឺ​ជា​ក្រម​មូលដ្ឋាន​នៃ​ទំនាក់​ទំនង​អន្តរជាតិ កិច្ច​ការ​ហុង​កុង ស៊ីនជាំង​និង​ស៊ី​ចាំង​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន មជ្ឈដ្ឋាន​ខាង​ក្រៅ​មិន​គួរ​ជ្រៀត​ជ្រែក​នោះ​ទេ។​ចំណែក​រដ្ឋ​សមា​ជិក​ចំនួន​៦​នៃ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​បាន​ផ្ញើ​លិខិត​ដើម្បី​គាំទ្រ​គោល​ជំហរ​របស់​ប្រទេស​ចិន ហើយ​ប្រទេស​ជាង​២០​ត្រៀម​បង្ហាញ​ការ​គាំទ្រ​និង​ឆ្លើយ​តប​នឹង​ប្រទេស​ចិន​តាម​របៀប​ថ្លែង​សុន្ទរកថា​រៀង​ៗ​ខ្លួន​ជា​ដើម។

  អ្នក​នាំ​ពាក្យ​រូន​នេះ​ថ្លែង​ទៀត​ថា កំណត់​ត្រា​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​កាណាដា អាមេរិក​និង​អង់គ្លេស​ជា​ដើម​ធ្វើ​ឱ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង កុមារ​ជនជាតិ​ដើម​ភាគ​តិច​រង​ការ​ធ្វើ​បាបយ៉ាងអាណោច​អាធម្ម ការ​ប្រើ​អំពើ​ហិង្សា​របស់​ប៉ូលិស​បាន​កើត​ឡើង​ជា​ញឹក​ញាប់ បញ្ហា​ពូជសាសន៍​និយម​ពិបាក​នឹង​ត្រូវ​ដោះ​ស្រាយ​ កាំភ្លើង​មាន​នៅពាស​វាល​ពាស​កាល ហើយ​ពាក្យ​សម្តី​និង​ទង្វើ​ដែល​ប្រឆាំង​ជនជាតិជ្វីប ប្រឆាំង​មូស្លឹម ប្រឆាំង​ពលរដ្ឋ​ដើម​កំណើត​អាហ្រ្វិក​និង​ប្រឆាំង​ពលរដ្ឋ​ដើម​កំណើត​អាស៊ី​បាន​កើត​ឡើង​ជា​ញឹក​ញាប់ ការ​ធ្វើ​អន្តរាគមន៍​ដោយ​កម្លាំង​យោធា​បណ្តាល​ឱ្យ​មាន​គ្រោះ​មហន្តរាយ​មនុស្ស​ធម៌​យ៉ាង​ខ្លាំង​ក្លា វិធានការ​បង្ខិត​បង្ខំ​ដោយ​ឯកតោភាគី​បានរំលោភ​លើ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​នៃ​ប្រទេស​ដទៃ ។ល។ ប្រឈម​មុខ​នឹង​សកម្មភាព​ដ៏​អាក្រក់​ទាំង​នេះ ពួក​គេ​មានសិទ្ធិ​អី​មក​និយាយថាអ៊ីចេះថា​អ៊ីចុះចំពោះ​សភាពការណ៍​សិទ្ធិមនុស្ស​របស់​ប្រទេស​ដទៃនោះ? មាន​សិទ្ធិ​អី​មក​និយាយ​ឆ្កា​ដៃ​ឆ្កា​ជើង​ចំពោះ​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃនោះ?