តំណាងនៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងរបស់ប្រទេសចិនធ្វើបទបង្ហាញពីសមិទ្ធផលអភិវឌ្ឍន៍របស់តំបន់ស៊ីនជាំងក្នុងសនិ្នសីទក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

2021-06-23 18:41:20 |ប្រភព:CRI

  ថ្ងៃទី​២២ ខែ​មិថុនា លោកស្រី គូលីណាល អ៊ូភូលី អនុប្រធាន​សមាគមវិទ្យាសាស្ត្រ​នៃ​​ភូមិ​ភាគ​ស្វយ័ត​វៃវូអឺស៊ីនជាំង​របស់​ប្រទេស​ចិន​បាន​តំណាង​ឱ្យ​គណៈប្រតិភូរដ្ឋាភិបាល​ចិន​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចសន្ទនានៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់សន្និសីទក្រុម​ប្រឹ​ក្សា​សិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៧ ដោយ​បាន​ធ្វើ​បទបង្ហាញពី​សមិទ្ធផល​អភិ​វឌ្ឍន៍​នៃ​សេដ្ឋកិច្ចសង្គមនិងសិទ្ធិ​មនុស្ស​របស់​តំបន់​ស៊ីនជាំង​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

  លោកស្រី គូលីណាល អ៊ូភូលី បានថ្លែង​ថា បច្ចុប្បន្ន​នេះ ស្ថានការណ៍​ទូទៅ​នៃ​សង្គម​ស៊ីនជាំង​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង​និង​ប្រកប​ដោយ​ស្ថិរភាព ហើយ​មិន​បាន​កើត​មាន​សំណុំ​រឿង​ភេរវកម្ម​និង​កម្លាំង​ហិង្សា​ក្នុង​រយៈពេល​៤​ឆ្នាំ​ជាប់ៗគ្នា ។ លើ​វិស័យ​សេដ្ឋកិច្ច​វិញ បាន​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់ កម្លាំង​សេដ្ឋកិច្ច​ចម្រុះ​ត្រូវ​បាន​លើក​កម្ពស់​ដល់​កម្រិត​ថ្មី យុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រទទួល​បាន​ជោគ​ជ័យ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ជន​​ក្រីក្រ​នៅ​ជនបទ​ដែល​ស្ថិត​នៅ​ក្រោមខ្សែ​បន្ទាត់​ស្តង់​​ដា​ភាព​ក្រី​ក្រ ចំនួន​៣លាន​៦ម៉ឺន​៤ពាន់​៩រយ​នាក់​បាន​​​​​ចេញ​ផុត​ពី​ភាព​ក្រី​ក្រ​ទាំងអស់​ ភូមិ​ក្រី​ក្រ​ចំនួន​៣៦៦៦​សុទ្ធតែត្រូវ​បាន​លុប​​បំបាត់​ភាព​ក្រី​ក្រ​ ហើយ​ស្រុក​ក្រីក្រ​ចំនួន​៣៥ បាន​លុប​បំបាត់​ភាពក្រីក្រ​ទាំង​អស់ ជីវភាពរស់នៅ​របស់ប្រជាជន​ទទួល​បាន​កែលំអយ៉ាង​ច្បាស់លាស់ ។ សាមគ្គីភាពជនជាតិ​ត្រូវ​បាន​ពង្រឹង​ថែម​មួយ​កម្រិត​ទៀត ប្រជាជន​គ្រប់​ជនជាតិសាមគ្គីគ្នា​​ដូច​គ្រាប់​ផ្លែ​ទទឹម​ដែលក្រ​សោបគ្នា ។ ចំណែក​វិស័យ​សាសនា ក៏​មាន​ភាព​សុខដុមរមនា ការ​ធ្វើបូជនីយកិច្ចនិង​តម្រូវការ​ខាង​សាសនា​ជា​ប្រក្រតី​របស់​អ្នក​កាន់​សាសនា​ ទទួល​បាន​ការ​ធានា​តាម​ផ្លូវច្បាប់ ។ ប្រជាជន​គ្រប់​ជនជាតិ​អាច​ទទួល​បាន​ដោយ​សមភាព​នូវ​ស្ថិរភាព​ សុវត្ថិភាព ការ​អភិវឌ្ឍ​និង​ភាព​រីក​ចម្រើន​ ក៏​ដូច​ជា​ការ​ទទួល​បាន​សុភមង្គលនិងសុវតិ្ថភាពផ្លូវ​ចិត្ត​បាន​កើន​ឡើង​យ៉ាង​ច្បាស់លាស់ ។

  លោកស្រី គូលីណាល អ៊ូភូលី បានថ្លែងទៀត​​ថា ការ​អភិវឌ្ឍ​កិច្ច​ការ​សិទ្ធិ​មនុស្ស​នៃ​តំបន់​ស៊ីនជាំង​ បានទទួល​ស្គាល់​ពីសំណាក់​ពិភពលោក​ទាំង​មូល​ ហើយ​ទទួល​បាន​ការ​វាយ​តម្លៃ​យ៉ាង​សកម្ម​ពី​សហគមន៍​អន្តរជាតិផង​ដែរ មិន​ថា​កម្លាំង​ប្រឆាំង​ប្រទេស​ចិន​ណា​មួយ​សុទ្ធ​តែ​មិន​អាច​បំផ្លិច​បំផ្លាញ​ដល់​ស្ថានការណ៍​ដ៏​ល្អប្រសើរ​ប្រកបដោយ​សុខ​សន្តិភាព​និង​សាម​គ្គីភាព​នៅតំបន់​ស៊ីនជាំង​នោះឡើយ ៕