លោក Xi Jinping ​ផ្ញើ​លិខិត​​អបអរសាទរ​ខួប​៧០ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​​ចំពោះ​សម្តេច ​ ហ៊ុន សែន​ ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

2021-06-28 18:39:34 |ប្រភព:CRI

  ថ្ងៃទី២៨ ខែមិថុនា ​លោក Xi Jinping ​​​​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ផ្ញើ​លិខិត​អបអរ​សាទរ​ជូន​ចំពោះ​ សម្តេច ​  ហ៊ុន សែន​ ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ចូលរួម​អបអរ​សាទរ​ខួប​ ៧០ ឆ្នាំ​​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​។

  លោក Xi Jinping ​បាន​ថ្លែង​ក្នុង​សារ​លិខិត​​​ថា   ​​​ក្នុង​​ឱកាស​ខួប​​ទី ៧០ ​នៃការបង្កើត​​គណបក្ស​ប្រជាជន​កម្ពុជា​ ​ខ្ញុំ​សូម​​តាង​នាម​បក្ស​កុម្មុយនិស្ត​ចិន ​ប្រជាជន​ចិន​និង​ខ្លួន​​ខ្ញុំ​ផ្ទាល់​ ​​សូម​ចូលរួម​អបអរ​សាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​​សម្តេច​ ហ៊ុន សែន ​ជា​ប្រធានបក្ស​ ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ប្រជាជន​កម្ពុជា!

  លោក Xi Jinping ​បាន​បញ្ជាក់ថា  ​​អស់កាល​ជា​យូរ​មក​  ​​​គណបក្ស​ប្រជាជន​កម្ពុជា​បាន​​រួមសាមគ្គី​និង​​ដឹកនាំ​​​ប្រជាជន​កម្ពុជា​​ ដើម្បី​ខិតខំ​​កសាង​និង​អភិវឌ្ឍ​​ប្រទេសជាតិ​ ​បាន​រួម​វិភាគទាន​យ៉ាង​សកម្ម​​ក្នុង​ការ​ជំរុញ​ស្ថិរភាព​និង​ភាព​រុងរឿង​​​ក្នុង​តំបន់។​ ​​ភាគីចិន​​នឹង​បន្ត​គាំទ្រ​កម្ពុជា​​​ក្នុង​ការ​ដើរ​តាម​មាគ៌ា​អភិវឌ្ឍន៍​ដែល​សមស្រប​នឹង​សភាពការណ៍​ជាតិ​របស់​ខ្លួន​ ​​ជឿ​ជាក់​ថា​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​ ហ៊ុន សែន ​ជាប្រធានបក្ស​ ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​​បន្ត​​រួម​​វិភាគទាន​ថ្មី​កាន់តែ​ធំធេង​​ដល់​ភាពរុងរឿងនៃ​ប្រទេស​ជាតិ​  ​​​សុភមង្គល​របស់​ប្រជាជន​ ​ក៏ដូចជា​​សន្តិភាព​និង​ការរីកចម្រើន​ក្នុងតំបន់​ផងដែរ​។

  លោក Xi Jinping ​បាន​សង្កត់ធ្ងន់ថា  ​​ ​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​ជា​មិត្ត​​ដែកថែប​និង​ជា​​សហគមន៍​រួមវាសនា​តែមួយ  ​​ ​ទំនាក់ទំនង​ទ្វេភាគី​​បាន​អភិវឌ្ឍ​​ប្រកប​ដោយ​កម្រិត​ខ្ពស់​​អស់​កាល​ជា​យូរ​មក ​ ​។ ​បក្ស​កុម្មុយនិស្ត​ចិន​​យកចិត្តទុកដាក់​​ខ្ពស់​លើ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​មេត្រីភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ​​ខ្ញុំ​មាន​ឆន្ទៈ​រួមជាមួយ​​សម្តេច ​ហ៊ុន សែន ​សំដៅ​​បង្កើន​​​ការណែនាំ​​ផ្នែក​នយោបាយ​ចំពោះ​​ទំនាក់ទំនង​រវាង​​បក្ស​ទាំងពីរ​និង​ប្រទេស​ទាំងពីរ  ​​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្លាស់ប្តូរ​រវាង​បក្ស​និង​ក្នុង​វិស័យ​ផ្សេង​ៗ​ឱ្យ​កាន់តែស៊ីជម្រៅ  ​​ជំរុញ​ការកសាង​​សហគមន៍​រួមវាសនា​រវាងចិន​និង​កម្ពុជា ​ដើម្បី​​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​និងប្រជាជន​នៃ​​ប្រទេស​ទាំងពីរ៕​