ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះភាគីចិន ដែលកំពុងជំរុញដំណើរការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានទីតាំងក្នុងរាជធានីភ្នំពេញ បើទោះបីជាកម្ពុជាកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខ្លាំងក្លា ក្នុងព្រឹត្តិការណ៍សហគម ២០ កុម្ភៈ ក៏ដោយ។
ឯកឧត្តមបានបញ្ជាក់ថា ដោយសារតែខិតខំប្រឹងប្រែងឥតឈប់ឈរបានធ្វើឲ្យគម្រោងសាងសង់ដំណើរការលឿននិងឆាប់រហ័ស ដោយភាគីចិនគ្រោងនឹងឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ស្ថិតក្នុងខណ្ឌទួលគោកមួយនេះ ដាក់ដំណើរការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាការសាកល្បង នាខែកញ្ញា ២០២១ ខាងមុខនេះហើយ។
ឯកឧត្តម រដ្ឋមន្ត្រីសុខាភិបាលកម្ពុជាបានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញពិនិត្យគម្រោងសាងសង់មន្ទីរពេទ្យមួយនេះ កាលពីថ្ងៃទី២៩ មិថុនា ២០២១។ ក្រៅពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ម៉ុម ប៊ុនហេង ក៏បានលើកឡើងពីជំនួយពីភាគីចិនជាច្រើនទៀតដែរ លើវិស័យសុខាភិបាល ជូនដល់កម្ពុជា ដូចជា គម្រោងសាងសង់មន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំ និងជំនួយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ជាច្រើនសន្ធឹកសន្ធាប់ ជាដើម។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានកម្ពស់១១ជាន់ គ្រោងចំណាយថវិកា ជាង៨០លានដុល្លារអាមេរិក ដើម្បីសាងសង់ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅឆ្នាំ២០២២ខាងមុខនេះ៕កម្ពុជា-ចិនប្រជុំពិភាក្សាពីការអភិវឌ្ឍប្រកបដោយស្ថិរភាព ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅប្រទេសទន្លេមេគង្គ-ឡានឆាង
ភ្នំពេញ៖កិច្ចពិភាក្សាស្តីពីការអភិវឌ្ឍប្រកបដោយស្ថិរភាពក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន នៅប្រទេសតាមដងទន្លេមេង្គ-ឡានឆាង ត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញផង និង តាមប្រព័ន្ធវីដេអូផង ជាមួយភាគីចិន ដោយភាគីកម្ពុជាបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត វ៉ាន់ ផល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានទីប្រឹក្សានយោបាយជាន់ខ្ពស់ នៃសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ព្រមទាំងឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នាសណ្ឋាគារមួយ។
សូមបញ្ជាក់ថា ឆ្នាំ២០២១នេះគឺជាខួប ៥ឆ្នាំ នៃការបង្កើតកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានផ្តួចផ្តើមដោយថ្នាក់ដឹកនាំប្រទេសចិន និងបណ្តាប្រទេសតាមដងទន្លេមេង្គ។
ក្នុងអង្គប្រជុំ រៀបចំឡើង នាថ្ងៃទី៣០ មិថុនានេះដែរ ភាគីកម្ពុជាបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការផ្នែកធនធានទឹក មេគង្គ-ឡានឆាង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះ មានដូចជា វិស័យថាមពលអគ្គិសនី ប្រព័ន្ធធារាសាស្រ្ត និងជលផលជាដើម៕