ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានផ្ញើសារលិខិតអបអរសាទរដល់ឯកឧត្តម Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០០ នៃថ្ងៃបង្កើតគណបក្សកុម្មុយនិស្តចិន ។
សម្តេច ហ៊ុន សែនបានថ្លែងក្នុងសារលិខិតអបអរសាទរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សកុម្មុយនីស្តចិន សាធារណរដ្ឋប្រជាមានិតចិនសម្រេចបាននូវការឯកភាព ភាពសុខដុមរមនា និងវិបុលភាព ទោះបីប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក និងមានជនជាតិភាគីតិចផ្សេងៗគ្នាជាច្រើនក៏ដោយ។
សម្តេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់គណបក្សកុម្មុយនីស្តចិន ដែលចាត់ទុកប្រជាជនជាស្នូលក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តនយោបាយ និងគំនិតផ្ដួចផ្ដើមនានា។ គណបក្សបានខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ និងកសាងសង្គមរីកចម្រើនមធ្យមលើគ្រប់វិស័យ។ បច្ចុប្បន្ន គណបក្សកុម្មុយនីស្ដចិនបាន និងកំពុងប្ដេជ្ញាចិត្ត និងខិតខំកសាងសង្គមនិយមដែលមានចរិកលក្ខណៈចិន សម្រាប់យុគសម័យថ្មី។
សម្តេច ហ៊ុន សែន បានតំណាងគណបក្សប្រជាជនកម្ពុជាកោតសរសើរយ៉ាងខ្លាំងចំពោះគំរូថ្មីរបស់គណបក្សកុម្មុយនីស្តចិន អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស តាមរយៈការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការស្វែងយល់ពីចំណុចរួម ដោយទុកភាពខុសគ្នានៅដោយឡែក។ គួរកត់សម្គាល់ថាគណបក្សកុម្មុយនីស្តចិនកំពុងបន្តលើកកម្ពស់ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមបណ្ដាប្រទេស គណបក្សនយោបាយនានា និងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពសាកល។ គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវបានក្លាយជាគំរូ និងវេទិកាថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលរួមចំណែកដល់ការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ សកម្មភាពនានា និងគំនិតផ្ដួចផ្ដើមខាងលើបានធ្វើឲ្យប្រទេសចិនទទួលបានការគោរព និងកោតសរសើរទូទាំងពិភពលោក៕