សម្តេចតេជោ ហ៊ុនសែន ប្រកាសបន្តយកចិនជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្តល់វ៉ាក់សាំងការពារកូវីដ-១៩

2021-07-02 17:47:39 |ប្រភព:

  ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកប្រទេសចិនជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្តល់វ៉ាក់សាំងការពារកូវីដ-១៩ដល់ប្រទេសកម្ពុជា ចំណែកប្រភពផ្សេងទៀតទុកជាប្រភពគាំទ្រ។

  ថ្លែងក្នុងកិច្ចប្រជុំនិងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅខេត្តកណ្តាលនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើសិនកម្ពុជាមិនចាប់យកចិនជាបង្អែកក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩កន្លងមក ហើយ រវល់តែរង់ចាំការផ្តល់ពីប្រភពផ្សេងៗនោះ ដូច្នេះសូម្បីតែវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនជាង២០ម៉ឺននាក់ក៏គ្មានផងដែរ កុំថាឡើយជាង៤លាននាក់ដូចបច្ចុប្បន្ននេះ។

  សម្តេចបន្តថា តាមរយៈកម្មវិធីកូវាក់របស់អង្គការសុខភាពពិភពលោកដែលសន្យាផ្តល់ឱ្យកម្ពុជានូវវ៉ាក់សាំងការពារកូវីដ-១៩ចំនួន៧លានដូស គឺបានមកត្រឹមតែ៣សែន២ម៉ឺន៤ពាន់ដូសតែប៉ុណ្ណោះ ពោលគឺចាក់ចាក់ជូនប្រជាជនប្រមាណជាង១៦ម៉ឺននាក់ទេ។

  សម្តេចតេជោ សង្ឃឹមថាមិត្តបរទេសនិងយល់ពីទឹកចិត្តរបស់កម្ពុជាហើយសម្តេច ក៏ត្រូវការពារអាយុជីវិតរបស់ប្រជាជនរបស់សម្តេចដែរ។ សម្តេចបានចោទជាសំនួរថា បើអស់លោកមិនផ្តល់វ៉ាក់សាំងឱ្យកម្ពុជាផងតើឱ្យសម្តេចទៅពឹងអ្នកណាវិញក្រៅពីចិននោះ? ហើយប្រទេសមួយចំនួនដែលពឹងពាក់ទៅលើប្រទេសដទៃ តើបានវ៉ាក់សាំងហើយឬនៅ?

  សំឡេង៖ «…ចាក់ស្តែងអ្នកណាចង់ថាអីថាទៅ ខ្វះអីអ្នកសន្យាខ្លាំងៗ ១ពាន់លានដូស ២ពាន់លានដូស  ប៉ុន្តែវាអតមានវ៉ាក់សាំង! វាធ្វើម៉ិច? គេសួខ្ញុំថា បើមិនឱ្យខ្ញុំពឹងចិ នតែឱ្យខ្ញុំទៅពឹង អ្នកណា? អ្នកខ្លះបានតែសន្យា ទីចុងបំផុតវាមិនមកធ្វើម៉ិច? មានតែរបស់ចិនវាមក អ្នកខ្លះឱ្យកក់  លុយមុនចំនួនប៉ុណ្ណេះ ប៉ុណ្ណោះ ហើយមិនបញ្ជាក់ថា ថ្ងៃមកដល់នៃវ៉ាក់សាំង អ្នកណាយក?  ប្រជាជនសិង្គពួបើកឱ្យចាក់គេជ្រើសរើសយកវ៉ាក់សាំងចិន នៅអាស៊ីអាគ្នេយ៍ប្រើវ៉ាកសាំងចិនសឹងតែទាំងអស់..»។

  កម្ពុជាបានទទួលរួចហើយចំនួនវ៉ាក់សាំងចំនួនជាង១១លានដូស និងគិត្រឹមយប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១ អ្នកទទួលវ៉ាក់សាំងរួចមានចំនួន៤លាន២សែននាក់ ស្មើនឹងចំនួន៤២ភាគរយនៃចំនួនប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។

  សម្ដេចតេជោ បញ្ជាក់ថា កម្ពុជានឹងទទួលវ៉ាក់សាំងកូវីដ-១៩ពីប្រទេសចិនតាមរយៈការបញ្ជាទិញពីកម្ពុជាគឺ នៅក្នុងខែក្កដានេះ ជាបន្តបន្ទាប់ទៀតដូចជា៖ ១លានដូសទៀត មកដល់ថ្ងៃទី០៦ កក្កដា និង ៤លានដូសទៀត មកដល់ថ្ងៃទី១០ កក្កដាក្នុងនោះ មាន Sinopharm ២លានដូស និង Sinovac ៣លានដូស។តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងជំហានដំបូងនេះ កម្ពុជាត្រូវរកវ៉ាក់សាំងជាង២០លានដូសសម្រាប់ចាក់ឱ្យប្រជាជនឱ្យបាន១០លាននាក់ និងជំហានបន្ទាប់យើងគិតគូរពីការចាក់លើប្រជាជនដែលមានអាយុក្រោម១៨ឆ្នាំថែមទៀត៕