ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដានេះ បានទទួលវ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូហ្វាម របស់មិត្តចិនចំនួន១លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋដែលបង្កើនសុវត្ថិភាពពីការ ឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវ ។
ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងការពារកូវីដ-១៩ ប្រភេទស៊ីណូហ្វាមចំនួន១លាន ដូសបន្ថែមទៀតនៅព្រឹកថ្ងៃទី៦ ខែកក្កដានេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា គណៈកម្មាការនិងក្រុមការងារនឹងបែងចែកវ៉ាក់សំាងទំាងនេះទៅកាន់តំបន់គោលដៅ បន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋដែលធានាបានប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆំាងទប់ស្កាត់ជំងឺរាត ត្បាតកូវីដ១៩ដែលកំពុងផ្ទុះឡើងខ្លំាងនៅកម្ពុជា។ លោកជំទាវបញ្ជាក់ថា ក្រុមការងារក៏ កំពុងតែបន្តធ្វើការយ៉ាងស្រាក់ស្រាំ ក្នុងការពិនិត្យមើលពីប្រសិទ្ធភាពនៃវ៉ាក់សាំង ការចាក់វ៉ាក់សាំងដូសទី៣ និង ការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុក្រោម១៨ឆ្នាំបន្ថែមទៀត ។
សំឡេង«គណៈអចិន្ត្រៃទើបតែប្រជុំម្សិលមិញហើយយើងអនុគណៈកម្មាការទាំងអស់កំពុងធ្វើការងារ ជាពិសេសគណៈកម្មការចំពោះកិច្ចនៃការចាក់វ៉ាក់ និងអនុគណៈកម្មាការពាក់ព័ន្ធផ្សេងៗ កំពុងធ្វើការងារនេះពិនិត្យមើលថា លទ្ធភាពនៃការចាក់ទៅលើកុមារអាយុក្រោម១៨ឆ្នាំ និងកំពុងធ្វើការងារនេះបន្ទាប់ពីយើង ចាក់ទៅលើប្រជាពលរដ្ឋ១០លាននាក់ ក្រុមការងារកំពុងតែធ្វើការងាររឿងទាំងអស់នេះ ពិនិត្យមើលប្រសិទ្ធភាពវ៉ាក់សាំង ពិនិត្យមើលលទ្ធភាពការផ្តល់វ៉ាក់សាំងលើកុមារ » ។
គួរជម្រាបថា កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីការពារពីការវាយលុករបស់កូវីដ១៩ ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណជាង១២លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួង ការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំង ប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៤,៦៥៨,៤៤២នាក់ ស្មើនឹង៤៦ភាគរយ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ ៕