កាលពីថ្ងៃទី ៧ ខែកក្កដា តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសចិនបានសហការជាមួយអេហ្ស៊ីបផលិតបានវ៉ាក់សាំងកូវីដ ១៩ ជំហានដំបូងដោយជោគជ័យ អង្គការសុខភាពពិភពលោកសូមសម្តែងការកោតសរសើរចំពោះរឿងនេះ ។
តំណាងរូបនេះបានថ្លែងថា កិច្ចសហប្រតិបត្តិការផ្នែកវ៉ាក់សាំងរបស់ប្រទេសទាំងពីរជាគំរូដ៏ជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការផ្លាស់ប្តូរបច្ចេកទេសជំនាញឯកទេសជាសកល វាមានអំណោយផលដល់ការសម្រេចបាននូវគោលដៅពាក់ព័ន្ធនឹងការអភិវឌ្ឍជានិរន្តរភាពនៃអង្គការសហប្រជាជាតិ ពោលគឺការទទួលបានសេវាសុខាភិបាលមូលដ្ឋានដែលមានគុណភាពខ្ពស់ ក៏ដូចជាទទួលបានឱសថនិងវ៉ាក់សាំងមូលដ្ឋានដែលមានសុវត្ថិភាព ប្រសិទ្ធភាព គុណភាពល្អនិងមានតម្លៃសមរម្យ ។
លោកបានថ្លែងទៀតថា ប្រទេសចិននិងអេហ្ស៊ីបបានសហការគ្នាផលិតវ៉ាក់សាំង វាមិនត្រឹមតែអាចពន្លឿនការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩នៅក្នុងប្រទេសអេហ្ស៊ីបប៉ុណ្ណោះទេ ថែមទាំងបានជំរុញដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅក្នុងតំបន់អាហ្វ្រិកថែមមួយកម្រិតទៀតផងដែរ ៕