ថ្ងៃទី ១១ ខែកក្កដា លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមចិន និងលោកគីម ជុងអ៊ុន អគ្គលេខាធិការគណបក្សពលករកូរ៉េខាងជើង ប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជាអគ្គមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើងបានផ្ញើលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួប ៦០ ឆ្នាំនៃការចុះហត្ថលេខាលើ«សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការជាមេត្រីភាពនិងផ្តល់ជំនួយដល់គ្នា»។
ក្នុងលិខិតអបអរសាទរ លោកស៊ី ជីនភីងបានលើកឡើងថា ក្នុងអំឡុងពេល ៦០ ឆ្នាំ ប្រទេសចិននិងកូរ៉េខាងជើងបានអនុវត្តតាមស្មារតីនៃសន្ធិសញ្ញា ផ្តល់ការគាំទ្រដល់គ្នាយ៉ាងមុតមាំ បង្កើនចំណងមិត្តភាពប្រពៃណីដូចបងប្អូនរវាងប្រទេសចិននិងកូរ៉េខាងជើង ជំរុញការអភិវឌ្ឍនៃបុព្វហេតុសង្គមនិយមរៀងៗខ្លួន និងគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ក៏ដូចជាលើពិភពលោកផងដែរ ។ បច្ចុប្បន្ន ស្ថានការណ៍នៃពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សណាស់ដែលមិនដែលមានក្នុងមួយសតវត្សរ៍ ។ លោករីករាយរួមជាមួយលោកគីម ជុងអ៊ុនបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្ត គ្រប់គ្រងឱ្យបានល្អនូវទិសដៅវិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើង សំដៅដឹកនាំកិច្ចសហប្រតិបត្តិការជាមេត្រីភាពរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីជាបន្តបន្ទាប់ និងផ្តល់ផលប្រយោជន៍ឱ្យបានកាន់តែល្អដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ។
ក្នុងលិខិតអបអរសាទរ លោកគីម ជុងអ៊ុនបានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលប្រឈមស្ថានភាពអន្តរជាតិដែលមានភាពស្មុគស្មាញនិងមានការប្រែប្រួលច្រើន ទំនុកចិត្តលើគ្នានិងចំណងមិត្តភាពដូចសមាមិត្តរវាងប្រទេសកូរ៉េខាងជើងនិងចិនមានភាពកាន់តែស៊ីជម្រៅ រីឯទំនាក់ទំនងរវាងប្រទេសទាំងពីរក៏វិវឌ្ឍរីកចម្រើនដល់ដំណាក់កាលកាន់តែខ្ពស់ថែមទៀត ៕