ថ្ងៃទី១១ ខែ កក្កដា នៅក្រុងប៉េកាំង លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានចូលរួមពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបទី២០នៃការចុះហត្ថលេខាលើ «សនិ្ធសញ្ញាកិច្ចសហប្រតិបតិ្តការមិត្តភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងរវាងចិននិងរុស្ស៊ី » ព្រមទាំងថ្លែងសុន្ទរកថាផងដែរ ។
ថ្លែងក្នុងសុន្ទរកថា លោក Wang Yi បានលើកឡើងថា ២០ឆ្នាំមុន ចិននិងរុស្ស៊ីបានចុះហត្ថលេខាលើ «សនិ្ធសញ្ញាកិច្ចសហប្រតិបតិ្តការមិត្តភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងរវាងចិននិងរុស្ស៊ី » លើមូលដ្ឋានបូកសរុបដោយគ្រប់ជ្រុងជ្រោយនូវបទពិសោធន៍និងមេរៀនក្នុងប្រវតិ្តសាស្ត្រ និងក្តាប់ជាប់ស្ថានការណ៍ទូទៅនៅលើពិភពលោក ។ នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានធ្វើសេចកី្តសម្រេចចិត្តជាឯកច្ឆន្ទដោយចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដើម្បីប្រកាសជាផ្លូវការពីការពន្យារពេលសនិ្ធសញ្ញានេះ ព្រមទាំងបានរំលឹកឡើងវិញថា ប្រទេសទាំងពីរនឹងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ដោយប្រកាន់ខ្ជាប់ទស្សនៈស្តីពីបន្តរឹតចំណងមេត្រីភាពទៅគ្រប់ជំនាន់និងធ្វើសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។
លោក Wang Yi បានគូសបញ្ជាក់ថា ពួកយើងគួរតែពង្រីកថែមមួយកម្រិតទៀតនូវការកសាងទំនុកចិត្តលើគ្នាខាងនយោបាយ និងធ្វើជាទីបង្អែកយ៉ាងរឹងមាំរវាងគ្នានិងគ្នាជាប់រហូត ។ ពួកយើងត្រូវធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅ និងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាបន្តបន្ទាប់ ។ ពួកយើងត្រូវបង្កើនកិច្ចសហប្រតិបតិ្តការជាយុទ្ធសាស្ត្រថែមមួយកម្រិតទៀត និងបង្កើតជាសសរទ្រូងយ៉ាងរឹងមាំ ដើម្បីគាំពារសន្តិសុខនិងសន្តិភាពរបស់ពិភពលោក ។ ភាគីទាំងពីរនឹងបន្តបង្កើនកិច្ចសម្របសម្រួលនិងកិច្ចសហការគ្នាក្នុងបញ្ហាចំណុចក្រៅក្នុងតំបន់ និងបញ្ហាជាសកល ដូចជាការប្រឆាំងភេរវកម្មនិងបម្រែបម្រួលអាកាសធាតុជាដើម ដើម្បីរួមគ្នាគាំពារសន្តិសុខ សន្តិភាពនិងស្ថិរភាពយុទ្ធសាស្ត្ររបស់ពិភពលោកទាំងមូល ។
ដោយឡែក លោក Denisov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិនបានថ្លែងថា «សនិ្ធសញ្ញាកិច្ចសហប្រតិបតិ្តការមិត្តភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងរវាងចិននិងរុស្ស៊ី » បានចាក់គ្រឹះដ៍រឹងមាំសម្រាប់ជំរុញឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍដោយនឹងនរ នឹងជំរុញទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិនឱ្យឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ រុស្ស៊ីនឹងសហការជាមួយប្រទេសចិន ធ្វើការខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីសម្រេចបាននូវគោលដៅថ្មី ៕