សន្និសីទលើកទី៤៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចចិត្តស្តីពី “ការអភិវឌ្ឍបានរួមចំណែកដល់ការទទួលបានសិទ្ធិមនុស្សគ្រប់យ៉ាង”ដែលលើកឡើងដោយប្រទេសចិន

2021-07-14 17:46:02 |ប្រភព:CRI

  ថ្ងៃទី​១២ ខែ​កក្កដា សន្និសីទ​លើក​ទី​៤៧​នៃក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ​បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ស្តីពី “​ការ​អភិវឌ្ឍ​បាន​រួម​ចំណែក​ដល់​ការ​ទទួល​បាន​សិទ្ធិ​មនុស្ស​គ្រប់​យ៉ាង”ដែល​លើក​ឡើង​ដោយ​ប្រទេស​ចិន​ ។​សេចកី្ត​សម្រេច​ចិត្ត​នេះ​បាន​រំលឹក​ឡើង​វិញ​ពី​ការ​ដែល​ការអភិវឌ្ឍ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ជំរុញ​ការ​ទទួល​បាន​សិទ្ធិ​មនុស្ស​គ្រប់​យ៉ាង គោលដៅ​នៃ​ការ​អភិវឌ្ឍ​គឺ​បង្កើន​សុភមង្គល​របស់​មនុស្ស​គ្រប់​រូប បណ្តា​ប្រទេសនានា​គួរតែ​បំពេញ​បំណង​ប្រាថ្នា​របស់​ប្រជាជន​ចំពោះ​ជីវភាព​រស់នៅ​ដ៏​ល្អ​បវរ ។ សេចក្តី​សម្រេច​ចិត្ត​នេះ​សាទរ​ចំពោះ​បណ្តា​ប្រទេសនានា​ធ្វើ​ការ​ខិត​ខំប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្លា​ក្នុង​វិស័យ​ជំរុញ​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​ និង​ការ​កាត់បន្ថយ​ភាពក្រីក្រ​ជាដើម​ ក៏​ដូច​ជា​ការ​ទទួល​បាន​សមិទ្ធផល​ដ៏​សំខាន់​ ។

  ក្នុងសន្និសីទនៃក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​​  លោក Chen Xu តំណាង​ចិន​ប្រចាំ​ជា​អចិន្ត្រែយ៍​នៅ​អង្គការសហប្រជាជាតិ​ក្រុង​ហ្សឺណែវ​បាន​ធ្វើ​បទ​បង្ហាញពី​សេចកី្តព្រាងនៃ​សេចក្តី​សម្រេច​ចិត្ត​នេះ ហើយ​បានថ្លែង​ថា ការ​អភិវឌ្ឍ​ជា​ប្រធាន​បទ​ជា​និរន្តរ៍​នៃ​សង្គម​មនុស្ស​ជាតិ​ ជា​គន្លឹះ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់ ។ មានតែ​ធ្វើ​ការ​អភិវឌ្ឍ​ឱ្យ​បាន​កាន់​តែ​ល្អ ទើប​អាច​ជំរុញ​និង​ការពារ​សិទ្ធិ​មនុស្ស​ឱ្យ​បាន​កាន់​តែ​ល្អ ។ បច្ចុប្បន្ន​នេះ ជំងឺកូវីដ​១៩​នៅតែ​រីក​រាល​ដាល​នៅ​ទូទាំង​ពិភពលោក​ដដែល ដែ​ល​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គមនិង​ការ​ទទួល​បាន​សិទ្ធិ​មនុស្ស​នៃ​បណ្តា​ប្រទេស​នានា​ ។ ប្រឈម​នឹង​បញ្ហា​យ៉ាង​តានតឹង បណ្តា​ប្រទេសនានា​​ត្រូវ​បង្កើន​សាមគ្គីភាព​និង​កិច្ច​សហប្រតិបតិ្តការ​ ចាប់​ដៃគ្នា​ដើម្បី​យក​ឈ្នះលើជំងឺ​ឆ្លង ព្រម​ពេល​ជា​មួយ​គ្នា​នេះ គួរ​ខិត​ខំប្រឹង​ប្រែង​ជំរុញ​ការ​អភិវឌ្ឍ​ជា​និរន្តរភាព ជា​ពិសេស បង្កើន​កម្លាំង​កាត់​បន្ថយ​ភាព​ក្រីក្រ ដើម្បីពុះពារ​ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ​១៩ និង​កាត់​បន្ថយផល​វិបាក​ទៅលើ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​បណ្តាប្រទេស​នានា​ ។

  តំណាង​នៃ​ប្រទេសវ៉េណេស៊ុយអេឡា ប៉ាគីស្ថាន គុយបា និង​កាមេរូនជាដើម​បាន​ថ្លែង​សុន្ទរកថា ដោយ​កោតសរសើរ​ចំពោះសេចក្តី​ព្រាង​នៃ​សេចក្តីសម្រេច​ចិត្ត​ដ៏​សំខាន់​ដែល​ប្រទេស​ចិន​បាន​លើក​ឡើង​នោះ ៕​