ថ្ងៃទី១៣ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានរួមជាមួយលោកMuhriddinរដ្ឋមន្រ្តីការបរទេសតាជីគីស្ថានជួបសន្ទនាជាមួយអ្នកសារព័ត៌មាននៅក្រុង Dushanbe។
លោកវ៉ាងអ៊ីបានថ្លែងថា ឆ្នាំនេះគាប់ជួនជាខួបទី២០នៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ ការអភិវឌ្ឍរបស់អង្គការសហប្រតិបត្តិការសៀងហៃបានឈានដល់ដំណាក់កាលគន្លឹះមួយ។ តាជីគីស្ថានជាប្រធានផ្លាស់វេននៃអង្គការសហប្រតិបត្តិការសៀងហៃ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅអំពីបញ្ហាថាតើត្រូវធ្វើយ៉ាងណាទើបអាចពង្រឹងនិងពង្រីកការអភិវឌ្ឍអង្គការសហប្រតិបត្តិការសៀងហៃ។ ភាគីចិនសូមលើកឡើងគំនិតផ្តួចផ្តើម៤ចំណុចដូចតទៅ៖
ទី១ ស្វែងយល់យ៉ាងពេញលេញពីតម្លៃយុគសម័យនៃ"ស្មារតីសៀងហៃ"។ ទី២ ពង្រីកយ៉ាងប្រាកដប្រជានូវតួនាទីធានានៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ទី៣ ពន្លឿនការជំរុញការបង្កើតរចនាសម្ព័ន្ធសហប្រតិបត្តិការដែលមានការអភិវឌ្ឍជាមួយគ្នា ។ទី៤ បន្តណែនាំកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលប្រកបដោយការបើកទូលាយនិងបរិយាប័ន្ន។
លោកវ៉ាងអ៊ីបានលើកឡើងថា យើងគួរតែជំរុញកិច្ចកសាងយន្តការនិងប្រព័ន្ធនៃអង្គការសហប្រតិបត្តិការសៀងហៃឱ្យរីកចម្រើនទៅមុខឥតឈប់ឈរ ជំរុញអង្គការសហប្រតិបត្តិការសៀងហៃឱ្យដើរតាមផ្លូវនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលសមស្របនឹងចរន្តយុគសម័យ ក៏ដូចជាជំរុញអង្គការសហប្រតិបត្តិការសៀងហៃឱ្យដើរតួនាទីកាន់តែធំក្នុងកិច្ចការតំបន់និងអន្តរជាតិផងដែរ៕