មូលនិធិ​ចិន​ផ្តល់ម៉ាស៊ីនអុកស៊ីហ្សែន​ ៣០០គ្រឿង ​និង​បរិក្ខារវេជ្ជសាស្ត្រទប់ស្កាត់កូវីដ​ ជាច្រើនទៀត ជូនក្រសួងសុខាភិបាលកម្ពុជា

2021-07-15 17:13:16 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាជំនួយរបស់មូលនិធិ GX នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានបន្ដប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នាទីស្ដីការក្រសួងសុខាភិបាល។

  ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងតាមរយៈវីដេអូសន្និសីទ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងលោក លឿង ជុន យីង អនុប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនចិន។

  ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត រួមមាន៖ ម៉ាស៊ីនអុកស៊ីហ្សែន ចំនួន៣០០គ្រឿង, ម៉ាស់វះកាត់ ចំនួន ១.០០០.០០០ម៉ាស់, អាវបំពង់ ចំនួន ៣០.០០០អាវ, ស្រោមដៃ ចំនួន ១៦០.០០០គូ, វ៉ែនតាសុវត្ថិភាព ចំនួន ១០.០០០ និង របាំងមុខ ចំនួន ១០.០០០។

  ឯកឧត្តមរដ្ឋមន្ត្រី ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ដែលតែងតែសម្របសម្រួលក្នុងការផ្តល់ជំនួយជូន រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសុខាភិបាល ព្រមទាំងលោក លឿង ជុន យីង អនុប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX ព្រមទាំងសហការីទាំងអស់ នៃមូលនិធិអាស៊ីសម្រាប់បង្ការភាពពិការភ្នែក និងមូលនិធិ GX ដែលតែងតែជួយឧបត្ថម្ភជូនដល់ក្រសួងសុខាភិបាល៕