គិតត្រឹមថ្ងៃទី១០ កក្កដា ២០២១ ភាគីចិនបានបញ្ជូនវ៉ាក់សាំងកូវីដ១៩ មកដល់ភាគីកម្ពុជា សរុបចំនួន១៥.៧លានដូសហើយ ពោលគឺបន្ទាប់ពីវ៉ាក់សាំងចំនួន៤លានដូសទៀត ទើបត្រូវបានបញ្ជូនមក នាព្រឹកថ្ងៃទី១០ កក្កដា។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលដែលបានអញ្ជើញទៅទទួលវ៉ាក់សាំង៤លានដូសទៀត នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានមានប្រសាសន៍ថា ក្នុងចំណោមវ៉ាក់សាំងទាំង៤លានដូស មានស៊ីណូវ៉ាក់ ៣លានដូស និងស៊ីណូហ្វាម ១លានដូស ដោយប្រើប្រាស់យន្តហោះ២គ្រឿងផ្សេងគ្នា។
លោកជំទាវបានបន្តទៀតថា ភាគីចិននឹងបន្តបញ្ជូនវ៉ាក់សាំងជាច្រើនលានដូសទៀត មកដល់កម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាមានវ៉ាក់សាំង គ្រប់ចំនួនជាង២០លានដូស ត្រឹមខែសីហា ខាងមុខនេះ ខណៈកម្ពុជាមានផែនការសម្រេចគោលដៅចាក់លើពលរដ្ឋ យ៉ាងតិច១០លាននាក់។
គិតត្រឹមយប់ថ្ងៃទី៩ កក្កដា ២០២១ កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំង ជូនដល់ពលរដ្ឋ ៤៧,៩៣% ហើយ ធៀបនឹងចំនួនប្រជាជនគោលដៅ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង៕