នាថ្ងៃទី ១៦ ខែកក្កដា តាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា គេហទំព័រអេឡិចត្រូនិក Cambodiatrade.comរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានឹងបើកដំណើរការ ដើម្បីទាក់ទាញក្រុមហ៊ុនធុនតូចនិងមធ្យមរបស់ស្រុកខ្មែរក្លាយជាអ្នកពាណិជ្ជករអេឡិចត្រូនិក ។
ក្រសួងពាណិជ្ជកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំតាមអនឡាញដើម្បីផ្សព្វផ្សាយគោលដៅ ដែលបង្កើតវេទិកាអេឡិចត្រូនិកCambodiatrade.com និងវិធីចុះឈ្មោះ ។ ក្នុងកិច្ចប្រជុំនេះ តំណាងរបស់ក្រុមហ៊ុនធុនតូចនិងមធ្យមបានសួរសំនួរនិងចុះឈ្មោះក្លាយជាពាណិជ្ជករអេឡិចត្រូនិកជំនាន់ទីមួយ ។
ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា គេហទំព័រអេឡិចត្រូនិក Cambodiatrade.com ជាគម្រោងមួយក្នុងគម្រោងពាណិជ្ជកម្ម Go4eCAM ដែលមានគោលដៅជួយក្រុមហ៊ុនធុនតូចនិងមធ្យមរបស់ប្រទេសកម្ពុជាប្រើប្រាស់បច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិកផ្សព្វផ្សាយ និងលក់ផលិតផលខ្មែរ ហើយចូលក្នុងទីផ្សារអន្តរជាតិ ។
ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ទៀតថា វេទិកា Cambodiatrade.com នឹងធ្វើអាជីវកម្មជាផ្លូវការក្នុងរយៈពេលថ្មីៗនេះ សព្វថ្ងៃបានចាប់ផ្តើមទទួលក្រុមហ៊ុនធុនតូចនិងមធ្យមចុះឈ្មោះ ។
ដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជាបានធ្វើផែនការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិករយៈពេលខ្លីនិងមធ្យម ការផ្សព្វផ្សាយនិងអនុវត្តយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយបង្កើតគម្រោងពាណិជ្ជកម្ម Go4eCAM ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ទន្ទឹមនឹងនេះដែរ ការផ្តល់ឱកាសដល់ក្រុមហ៊ុនធុនតូច និងមធ្យម ស្ត្រី និងសហគ្រិនវ័យក្មេងចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល ។
អ្នកបកប្រែ៖刘蓉