វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៤លាន ដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិនបានមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី១០ ខែ កក្កដា នេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ។
ថ្លែងក្នុងពិធីទទួលវ៉ាក់សាំង នៅព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២១ នាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃពិសេសដោយកម្ពុជាទទួលបានវ៉ាក់សាំងចំនួន៤លានដូស ដែលក្នុងនោះវ៉ាក់ស៊ីណូវ៉ាក់ ចំនួន៣លានដូស និងស៊ីណូហ្វាម ចំនួន១លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ប្រទេសកម្ពុជា។
លោកជំទាវបន្តថា វ៉ាក់សាំងទាំងនេះនឹងត្រូវបែងចែកទៅកាន់បណ្តាលខេត្តដទៃទៀតដើម្បីចាក់ជូនប្រជាពលរដ្ឋ។
វ៉ាក់សាំងដែលប្រជាពលរដ្ឋបានទទួលចំនួន២ដូសនេះគឺ មានប្រសិទ្ធភាពជួយការពារកុំឱ្យវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរក៏ដូចជាស្លាប់ ប៉ុន្តែប្រសិនបើយើងមិនការពារ អនុវត្តន៍នូវវិធានការ៣កុំនិង៣ការពារ យើងអាចងាយនិងចម្លង ទោះបីជាយើងមានវ៉ាក់សាំងចំនួន២ដូសក្តី ប៉ុន្តែទោះយ៉ាងណាស់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង២ដូសហើយសង្ឃឹមថានឹងចូលរួមអនុវត្តន៍វិធានការ៣កុំ៣ការពារ ដើម្បីកាត់បន្ថយអត្រាឆ្លងនិងឈានទៅកាត់ផ្តាច់ការឆ្លងនៃវីរុសកូវីដ១៩ ។
លោកជំទាវបន្តទៀតថា សម្តេចតេជោ កំពុងតែអនុញ្ញាតឱ្យទិញវ៉ាក់សាំងប្រហែល១លានដូសទៀត ដូច្នេះនៅក្នុងខែកក្កដា យើងបានវ៉ាក់សាំងសរុបជាង២០លានហើយ អ៊ីចឹងចំពោះជំនួយវ៉ាក់សាំងផ្សេងៗយើងបានទទួលតំរុយខ្លះថា គេនឹងផ្តល់ជូនបន្តបន្ទាប់ប៉ុន្តែយើងមិនទាន់ទទួលការបញ្ជាក់ឱ្យច្បាស់លាស់នូវឡើយទេ តាមប្រព័ន្ធCOVAXក្តីតាមអង្គការដៃគូទ្វេភាគីក្តី ។
សំឡេង« សម្តេចតេជោនាយករដ្ឋមន្រ្តីកំពុងតែឯកភាពជូនដល់គណៈកម្មការលទ្ធកម្មវ៉ាក់សាំង បញ្ជាទិញថែម១លានដូសទៀតចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់ ដើម្បីត្រៀមចាក់ជូនដល់ប្រជាពលរដ្ឋណាដែលមិនទាន់ទទួលការចាក់វ៉ាក់សាំង»។
លោកជំទាវឱ្យដឹងទៀតថា រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដែលគិតត្រឹមថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១នេះ បូកទាំងវ៉ាក់សាំងចំនួន ៤លានដូសដែលបានដឹកមកដល់ កម្ពុជានឹងមានវ៉ាក់សាំងចំនួនប្រហែលជាង១៧លានដូស និងចុងខែកក្កដានេះមកចំនួន១លានដូសទៀត និងនៅសីហា វ៉ាក់សាំងស៊ីណូវ៉ាក់នឹងមកចំនួន៣លានបន្ថែមទៀត ដូច្នេះគ្រប់២០លានជាង ហើយនិងបញ្ជាទិញ១លានទៀតយើងនឹងបានវ៉ាក់សាំងចំនួន២១លានដូស ទៅតាមផែនការនិងយុទ្ធសាស្រ្តនៃការចាក់វ៉ាក់សាំង ។
សូមជម្រាបថា យោងតាមចំណារយល់ព្រម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងមកដល់ចំនួន ៦,០០០,០០០ដូសនេះ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបណ្តាខេត្តនានានៅទូទាំងប្រទេសតាមផែនការដែលបានគ្រោងទុក។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋសរុបទូទាំងប្រទេសបានចំនួន ៤,៨៥២,៥០៣នាក់ ស្មើនឹង ៤៧.៩៣%៕