អគ្គលេខាធិការព្រឹទ្ធសភាបានឱ្យដឹងថា ទំនាក់ទំនងកម្ពុជា-ចិនជាទំនាក់ទំនងដែកថែបមិនមានអ្នកណាម្នាក់មកបំបែកបានឡើយ ហើយតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់ពេលវេលា។
ថ្លែងក្នុងកិច្ចសន្ទនាអនឡាញ ស្តីពីខួប៦៣ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតក្នុងឱកាសខួបលើកទី៦៣ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ កម្ពុជា និងចិន មានប្រវត្តិទំនាក់ទំនងប្រពៃណី ជាបងប្អូនល្អ និងអ្នកជិតខាងល្អដែលតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។
ឯកឧត្តមមានប្រសាសន៍ថា ចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន បានបង្ហាញឱ្យឃើញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចយ៉ាងញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលក្នុងនោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទស្សនកិច្ចក្រៅផ្លូវការ និងបានចូលរួមពិធីផ្លូវការនានានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន១៥លើក ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២១។ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិនចំនួន១៤លើក គិតមកដល់ឆ្នាំ២០២១នេះ។
ជាពិសេស ចិនតែងចាត់ទុកទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនគឺជាទំនាក់ទំនងដែកថែប ដែលមិនមានអ្នកណាអាចបំបែកបានឡើយ។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយបានគាំទ្រនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង«ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី» បង្កើតឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ដែលជាយុទ្ធសាស្ត្រនយោបាយ ការទូត និងសេដ្ឋកិច្ច ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍរវាងប្រទេសក្នុងតំបន់ខែ្ស ក្រវ៉ាត់ និងផ្លូវសូត្រ តាមរយៈការតភ្ជាប់ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដើម្បីបង្កើនការវិនិយោគ ការដឹកជញ្ជូន ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ជាដើម។
យោងតាមប្រវត្តិសាស្ត្រកម្ពុជា និងចិនមានទំនាក់ទំនងជាមួយគ្នាជាយូរលង់មកហើយ ។ ទោះបីជាទំនាក់ទំនងការទូតកម្ពុជា-ចិន ទើបត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក៏ពិតមែន តែទំនាក់ទំណងប្រទេសទាំងពីនេះ មានតាំងពីឆ្នាំ១៩៥៥ រវាងសម្ដេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តម ជូ អេនឡាយ អតីតនាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិនមកម៉្លេះ។ នៅខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ត្រូវបានតម្លើងទៅជា ”កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។
កាលពីខែកញ្ញា ឆ្នាំ២០១៩ កម្ពុជា និងចិនបានរួមគ្នាប្រារព្វពិធីយ៉ាងអធិកអធមដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ដោយមានការផ្លាស់ប្តូរលិខិតជូនពររវាងថ្នាក់ដឹកនាំកំពូល ពិធីជប់លៀងដោយមានការចូលរួមពី សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ការសម្តែងសិល្បៈ និងការផ្លាស់ប្តូរទស្សនកិច្ច។ក្នុងខែកញ្ញា ឆ្នាំ២០១៩នេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន៕