តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានជប៉ុនបានឱ្យដឹងថា គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាពេលព្រឹកថ្ងៃទី ២៤ ខែកក្កដាថា ការធ្វើតេស្តរកវីរុសកូរ៉ូណាថ្មីរបស់បុគ្គលិកដែលពាក់ព័ន្ធនឹងប្រកួតកីឡាអូឡាំពិកចំនួន ១៧ នាក់ទៀតមានលទ្ធផលវិជ្ជមាន ក្នុងនោះមានម្នាក់ជាអត្តពលិកដែលមកពីបរទេស ហើយចូលស្នាក់នៅក្នុងភូមិអូឡាំពិក។
តាមទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូនាពេលព្រឹកថ្ងៃទី ២៤ ខែកក្កដាបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ នៃខែកក្កដាមក បានមានបុគ្គលិកដែលពាក់ព័ន្ធនឹងប្រកួតកីឡាអូឡាំពិកចំនួន១២៣នាក់ការធ្វើតេស្តរកវីរុសកូរ៉ូណាថ្មីមានលទ្ធផលវិជ្ជមាន។
លើសពីនេះទៅទៀត យោងតាមកូន«សៀវភៅការណែនាំអំពីការបង្ការជំងឺឆ្លង»នៃការប្រកួតកីឡាអូឡាំពិកសម័យនេះ កីឡាករកីឡាការិនីដែលចូលរួមការប្រកួតគួរតែធ្វើតេស្តរកវីរុសកូរ៉ូណាថ្មីជារៀងរាល់ថ្ងៃ។ប៉ុន្តែ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានជប៉ុនកាលពីថ្ងៃទី ២៤ ខែកក្កដាឱ្យបានដឹងថា គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូបានទទួលស្គាល់នាថ្ងៃដដែលថា នាពេលថ្មីៗនេះ ដោយសារតែឧបករណ៍ធ្វើតេស្តមិនគ្រប់គ្រាន់ទេ បានជាកីឡាករកីឡាការិនីមួយចំនួនមិនបានទទួលការធ្វើតេស្តប្រចាំថ្ងៃទេ។គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូបានសង្កត់ធ្ងន់នៅថ្ងៃទី២៤ខែកក្កដាថា ពួកគេបានបញ្ជាទិញឧបករណ៍ធ្វើតេស្តជាច្រើនសន្ធឹកដើម្បីធានាឱ្យកីឡាករកីឡាការិនីទាំងអស់អាចទទួលបានធ្វើតេស្តរកវីរុសជារៀងរាល់ថ្ងៃតាមការកំណត់៕