អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបញ្ចេញមតិស្តីអំពីការផ្សព្វផ្សាយមិនពិតរបស់សារព័ត៌មាន Reuters ដោយបានលើកអំពីទំនាក់ទំនងរវាងចិននិងកម្ពុជា

2021-07-26 16:54:18 |ប្រភព:中国新闻网

  នាថ្ងៃទី២២ ខែកក្កដា អង្គភាពសារព័ត៌មាន Reuters របស់អង់គ្លេសបានដកស្រង់ការចោទប្រកាន់មិនសមហេតុផល របស់ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក ដោយនិយាយបំផ្លើសពីការពិតថា “ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេ​មេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។ ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាសម្តែងការ​ព្រួយបារម្ភខ្លាំង និងប្រឆាំងជាដាច់ខាតចំពោះការលើកឡើងខាងលើនេះ។

  ភាគីចិនប្រឆាំងជាដាច់ខាត និងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណែត កុំថាឡើយ​លើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។ នៅលើពិភពលោកនេះ សហរដ្ឋអាមេរិក គឺជាប្រភពនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែតដ៏ធំបំផុត ហើយទង្វើនៃការលួចតាមដានស្តាប់របស់ប្រទេស​មួយ​នេះ​សូម្បីតែ“សម្ព័ន្ធមិត្ត”ក៏មិនលើកលែងដែរ។ រីឯចំពោះបញ្ហាសន្តិសុខអ៊ីនធើណែតវិញ ទំនុកចិត្តទៅលើសហរដ្ឋ​អាមេរិកត្រូវបានបាត់បង់យូរមកហើយ ប្រទេសនេះតែងពោលពាក្យចចាមអារ៉ាមផ្ដេសផ្ដាស ចោរស្រែកចាប់ចោរ ញុះញង់​គេឯងដូចក្នុង “រឿងនិទានព្រះភូសាថ្មីរបស់ព្រះចៅអធិរាជ” ការប្រឌិតមិនពិតខាងលើនេះ​ក្រៅពីកុហកខ្លួនឯង​និងអ្នកដទៃគ្មានគុណតម្លៃអ្វីនោះទេ។

  អ្នកនាំពាក្យបញ្ជាក់ថា ការផ្សព្វផ្សាយអត្ថបទនេះ គឺឈរទាំងស្រុងលើការប្រឌិតរបស់សហរដ្ឋអាមេរិកសុទ្ធសាធ មានចន្លោះប្រហោងយ៉ាងច្បាស់លើភាពជាក់ស្តែង​និងគំនិតឡូជីខល។ ក្នុងអត្ថបទរបស់ Reuters បានលើកឡើងថា ស្ថានទូតចិនប្រចាំកម្ពុជាមិនបានឆ្លើយតបទេ នេះមិនមែនជាការពិត។ ស្ថានទូតចិនប្រចាំកម្ពុជាមិនដែលទទួល​បាន​ការសាកសួរពីភ្នាក់ងារ Reuters អំពីបញ្ហានេះទេ ប្រសិនជាយើងទទួលបានដំណឹង ក៏មិនខកខានឱកាស​បញ្ជាក់​ការពិត និង បង្ហាញពីភាពពិតជាក់ស្តែងជូនមហាជនឱ្យបានជ្រាបដែរ។ សង្ឃឹមថា Reuters លើកក្រោយគោរពការពិត លើកកម្ពស់វិជ្ជាជីវៈនិងភាពម៉ឺងម៉ាត់ក្នុងការរាយការណ៍៕

  អ្នកបកប្រែ៖刘蓉