ឯកឧត្តម សុខ សុភ័ក្ត្ររដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថា ពាណិជ្ជកម្មរវាងកម្ពុជា-ចិន នឹងមានការកើនឡើងជាលំដាប់ទោះបីប្រទេសទាំងពី ក៏ដូចជាពិភពលោកកំពុងរងនូវវិបត្តិកូវីដ-១៩ក៏ដោយ។
ការលើកឡើងបែបនេះ ក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២ ក្រោមមូលបទ “ដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន” តាមប្រព័ន្ធវីដេអូពីចម្ងាយនាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១រៀបចំឡើងដោយ រាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម ហ៊ង គុនមីង សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានឃោសនានៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តចិន។
ឯកឧត្តម សុខ សុភ័ក្ត្រ បានមានប្រសាសន៍ថា ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៨ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីររំពឹងថា ទំហំនេះនឹងកើនដល់ ១០ ប៊ីលានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ខាងមុខ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រៅពីការសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០កន្លងទៅ ទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតរមួតជារៀងរាល់ឆ្នាំ តាមរយៈការគាំទ្រ និងការផ្តល់ភាពបទបែនឱ្យគ្នានៅក្នុងកិច្ចចរចាក្នុងក្របខ័ណ្ឌតំបន់ និងសកល។
កម្ពុជា-ចិនក៏បានចុះកិច្ចព្រមព្រៀង អនុស្សារណៈនៃការយោគយល់គ្នា និងពិធីសារនានាទាក់ទងនឹងពាណិជ្ជកម្ម-វិនិយោគ ដែលផ្តល់កាលានុវត្តភាពក្នុងការពង្រឹងពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែទូលាយ និងទំនើប។
ឯកឧត្តមរដ្ឋលេខាធិការធិការបានបញ្ជាក់ថា អ្វីដែលជាមោទកភាពបំផុត គឺការសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ដែលភាគីទាំងពីរកំពុងជំរុញនីតិវិធីសេសសល់ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានឆាប់ៗខាងមុខនេះ។
ឯកឧត្តមបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់ខ្លាំងណាស់ ក្នុងបរិការណ៍នៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកល៕