កម្ពុជាចាត់ទុក ជំនួយរបស់មិត្តចិនជាសក្ខីភាពថ្មី ឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែប

2021-07-29 18:43:01 |ប្រភព: វិទ្យុជាតិកម្ពុជា

  លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ជំនួយដ៏ថ្លៃថ្លារបស់ មិត្តចិនជួយដល់កម្ពុជា គឺជាសក្ខីភាពថ្មីមួយទៀត ឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាស ដែលលោកជំទាវបានអញ្ជើញចូលរួម ក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍន៍ថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូពីចម្ងាយ។

  លោកជំទាវ ទួត បញ្ញា បានឲ្យដឹងថា ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រគ្រប់បែបយ៉ាង និងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ក្នុងកាលៈទេសៈ ដែលកម្ពុជាកំពុង ត្រូវការជាចាំបាច់។ លោកជំទាវ ទួត បញ្ញា បានបន្ដទៀតថា កម្ពុជាបានទទួលក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាជំនួយសម្ភារបរិក្ខារពេទ្យ ព្រមទាំងវ៉ាក់សាំងការពារ កូវីដ១៩ ជាច្រើនលានដូស ក្នុងរូបភាពជាជំនួយ និងការបញ្ជាទិញ៕