ពិព័រណ៍ចិន-អាស៊ានលើកទី ១៨ នឹងរៀបចំធ្វើនៅខេត្តក្វាងស៊ីក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការភាគីទាំងពីរឱ្យ​ឈានដល់កម្រិតថ្មី

2021-07-30 18:31:05 |ប្រភព:CRI

  អ្នកយកព័ត៌មានបានទទួលដំណឹងពីការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី ២៩ ខែកក្កដា​ឱ្យ​ដឹងថា ពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលធុរកិច្ច​និងវិនិយោគចិន-អាស៊ានលើកទី១៨នឹងរៀបចំធ្វើនៅទីក្រុងណាននីងខេត្តក្វាងស៊ីចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកញ្ញា ក្រោមប្រធានបទ“ ចែករំលែកនូវ​ឱកាសថ្មីនៃច្រករបៀបពាណិជ្ជកម្ម​អន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រ រួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាស៊ាន”។

  ពិព័រណ៍លើកនេះនឹងបន្តធ្វើតាមទម្រង់“ ពិព័រណ៍នៅកន្លែងផ្ទាល់ បូក​ពិព័រណ៍តាមអនឡាញ”។

  ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍ទី៣០នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានបានកើនឡើង ៨៥ ដង។ នៅឆ្នាំ ២០២០ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនហើយចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានរយៈពេល ១២ ឆ្នាំជាប់ៗ។ នៅឆមាសទីមួយនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មនៃភាគីទាំងពីរបានកើនឡើង ៣៨,២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ​។