កម្ពុជាគាំទ្រឱ្យមានការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិនទៅជាភាពជាដៃ គូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ

2021-08-04 18:17:07 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ កម្ពុជាគាំទ្រ ការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិនទៅជាភាពជាដៃ គូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយដើម្បីបម្រើនូវផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ជាពិសេសកម្ពុជា។

    យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុង សន្និសីទ ក្រោយកិច្ច ប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី៤ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ កម្ពុជា បានគូសបញ្ជាក់ពីភាពចាំបាច់ដើម្បីធានាថា ខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ និងពាណិជ្ជកម្ម ឆ្លងដែននៅតែមិនមានការរំខាន ដើម្បីអាចទាញយកផលប្រយោជន៍ពេញលេញពីការលើកកម្ពស់កិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុ ង ជ្រោយក្នុងតំបន់ (RCEP) ។

  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងការអនុវត្តសេចក្តី ប្រកាស រួមអាស៊ាន-ចិន ស្តីពីការសំយោគរវាងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងគំនិត ផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ ដោយទទួលស្គាល់ថា អាស៊ាន និងចិន សម្រេចបាននូវភាព ជាដៃគូដ៏សំខាន់ពីទំនាក់ទំនងសន្ទនាចាប់តាំងពីការបង្កើតមក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹក ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិន ទៅជាភាពជាដៃ គូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ។

   ប្រភពដដែលបានបញ្ជាក់ថាប្រទេសចិនបានរំឭកជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហការជាមួយអាស៊ានតាមរយៈការគាំទ្រដល់សមត្ថភាពតំបន់ក្នុងការផលិត និងចែកចាយវ៉ាក់សាំង និងសម្ភារវេជ្ជសាស្រ្ត ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

  ប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិន ឱ្យដឹងថា កិច្ច ប្រជុំបាន កត់សម្គាល់ដោយការពេញចិត្ត ចំពោះសមិទ្ធផលនៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន និងបាន អបអរសាទរចំពោះការទទួលបានលទ្ធផលផ្លែផ្កាក្នុងការរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០៧ដល់០៨ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងឆុងឈីង ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី៣០នៃទំនាក់ទំនងអាស៊ាន-ចិន។ កិច្ចប្រជុំបានទន្ទឹងដល់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិន នៅខែតុលាខាងមុខនេះ។

  សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របពេលដែលអាស៊ានបានសម្តែងនូវការកោត សរសើរ ចំពោះប្រទេសចិនសម្រាប់ការគាំទ្រតំបន់យ៉ាងពេញទំហឹង ប្រទេសចិនបានរំលឹកជាថ្មីនូវការ ប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហការជាមួយអាស៊ាន រួមមានតាមរយៈការគាំទ្រដល់សមត្ថភាព តំបន់ក្នុងការផលិត និងចែកចាយវ៉ាក់សាំង និងសម្ភារវេជ្ជសាស្រ្ត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារ ឡើង វិញ។

  សេចក្តីប្រកាសបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងវិបុល សុខនៅក្នុងតំបន់។ សម្រាប់បញ្ហាសមុទ្រចិនខាងត្បូង អាស៊ាន និងចិន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឆ្នាំ២០០២ និងបានស្វាគមន៍ការបន្តការចរចារលើអត្ថបទរបស់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដើម្បីអាចបញ្ចប់បានឆាប់រហ័ស៕