ភាគីចិនផ្តល់ម៉ាស់និងថ្នាំពេទ្យ សម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

2021-08-04 18:18:05 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ នាថ្ងៃពុធទី០៤ ខែសីហា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋាននិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធពិធីប្រគល់-ទទួល ម៉ាស់និងថ្នាំពេទ្យ សម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

  ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង លោក Li Jie ទីប្រឹក្សា និងជាអគ្គកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអ.គ.រ. និងមន្រ្តីនៃស្ថានទូតចិនផងដែរ។

  ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់ថា អំណោយជាម៉ាស់និងថ្នាំពេទ្យនេះ គឺបានបង្ហាញពីការយកចិត្ដទុកដាក់របស់ស្ថានទូតដល់ អ.គ.រ. ដែលមានមន្ត្រីបំពេញការងារនៅជួរមុខហើយអាចមានហានិភ័យក្នុងការឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ហើយនេះក៏ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតចិន និង អ.គ.រ. ជាពិសេស ក្នុងស្ថានភាពដ៏លំបាកនេះ ដែលម្យ៉ាង អ.គ.រ. ត្រូវជំនះរាល់បញ្ហាប្រឈមបង្កឡើងដោយកូវីដ-១៩ ហើយម្យ៉ាងទៀតត្រូវធានានិរន្តរភាពការងារ ផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មដល់ធុរជន និងវិនិយោគិននានា។

  ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការឧបត្ថម្ភម៉ាស់ចំនួន ១០,០០០បន្ទះ និងថ្នាំពេទ្យព្យាបាលជំងឺកូវីដ-១៩ មួយចំនួន ដែលសម្ភារទាំងនេះ អ.គ.រ. នឹងធ្វើការបែងចែកជូនមន្ត្រីគយនិងរដ្ឋាករដែលកំពុងបំពេញភារកិច្ចនៅតាមការិយាល័យនិងមាត់ច្រកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩។

  លោក Li Jie ទីប្រឹក្សា និងអគ្គកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនបានថ្លែងអំណរគុណដល់ អ.គ.រ. ដែលបានយកចិត្តទុកដាក់ គាំទ្រ និងផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មដល់វិនិយោគិន និងពាណិជ្ជករចិនដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា។ លោកទីប្រឹក្សា និងជាអគ្គកុងស៊ុលបានបន្តថា ស្ថានទូតចិននឹងបន្តផ្ដល់ជំនួយបច្ចេកទេសនានាដល់ អ.គ.រ. ក្នុងការកសាងនិងពង្រឹងសមត្ថភាពរបស់ខ្លួន។

  គួរបញ្ជាក់ថា កន្លងមក ស្ថានទូតចិន និងអង្គការផ្ដល់ជំនួយរបស់ចិន China Aids បានផ្ដល់ជំនួយជាបន្តបន្ទាប់ដល់ អ.គ.រ. ហើយជំនួយលេចធ្លោ គឺការផ្ដល់ម៉ាស៊ីនស្កែនកុងតឺន័រ ដែលបច្ចុប្បន្នកំពុងប្រើប្រាស់នៅកំពង់ផែអន្តរជាតិ ផែស្ងួត និងការិយាល័យគយនិងរដ្ឋាករ នាមាត់ច្រកសំខាន់ៗមួយចំនួន។

  អ.គ.រ. និងភាគីចិនបានបេ្តជ្ញាចិត្តនឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងស្ថានទូត និង អគរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជា៕