ភាគីចិននឹងប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោមកឱ្យកម្ពុជានៅថ្ងៃទី១៥ ខែសីហាខាងមុខ

2021-08-06 10:13:19 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បញ្ជាក់ថា ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានសម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ ហើយតាមផែនការភាគីចិននឹងប្រគល់មកឱ្យកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ លើកដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តាមការរៀបចំរបស់គណៈកម្មាធិការវាយតម្លៃគឺឃើញថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះត្រូវបានសាងសង់រួចហើយ ជាពិសេសខាងក្នុងកីឡាដ្ឋានធំ ដែលជាជំនួយហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលចិន គឺបានចប់សព្វគ្រប់ហើយ នៅតែការសំអាតខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ ។

  ឯកឧត្តម បានបញ្ជាក់ថា សំណង់និង រចនាបទទាំងមូល រៀបចំរួចរាល់អស់ហើយទាំងការបំពាក់កៅអី ការដាំស្មៅ ទីលានបាល់ទាត់ បន្ទប់សណ្ឋាគារ កន្លែងលក់ឥវ៉ាន់ បំពាក់ភ្លើង រចនាភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធសំលេង គឺសម្រេចរួចរាល់ហើយ នៅតែការសំអាតប៉ុណ្ណោះ ។ បន្ថែមពីនោះទៀត ចុងក្រោយការរៀបចំធ្វើកំណត់ត្រាប្រវត្តិសាស្រ្តនៃការសាងសង់ ធ្វើជាផ្ទាំងសិលាធំៗ ដែលបានឆ្លាក់នៅប្រទេសចិនរួចរាល់ហើយត្រៀមនិងដឹកមកកម្ពុជា ។

  សំឡេង ៖« អ៊ីចឹងនៅថ្ងៃទី១៥ ខែ សីហា នេះ ខាងភាគីចិននឹងផ្តល់ឱ្យមកគណៈកម្មាការជាតិអូឡាំពិកកម្ពុជា ដើម្បីចាប់ផ្តើម បន្តការថែរក្សា ថែទាំនិងជួសជុល ខណៈដែលភាគីចិននៅតែបន្តជួយក្នុងការថែរក្សាផងដែរ » ។

  ឯកឧត្តម បានបញ្ជាក់ថា លក្ខណៈពិសេស នៃពហុកីឡដ្ឋានជាតិនេះត្រូវបានបំពាក់ដែកធំៗនៅលើដំបូល ហើយដែកនេះអាចឱ្យយើងបំពាក់ ភ្លើងនិងកាំមេរ៉ា ផងដែរ ហើយដែកនៅលើដំបូលនេះ អាចឱ្យមនុស្សដើរលើដែកនេះរាប់សិបនាក់បានទៀតផង ដែលជាសំណង់មួយមានលក្ខណៈពិសេសមែនទែន ដូច្នេះមិនមានបញ្ហាចោទក្នុងការផ្តិតយករូបភាពនោះទេ ។

  សូមបញ្ជាក់ថា គម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោដែលមានទីតំាងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទំហំផ្ទៃដីជាង៨៥ហិកតានេះ ដោយចំណាយថវិកាសាងសង់ប្រមាណ១៦០លានដុល្លាដែលជាជំនួនឥតសំណងរបស់រដ្ឋាភិបាលចិន គឺដើម្បីត្រៀមសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ ២០២៣ខាងមុខនេះដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយពហុកីឡដ្ឋានជាតិមរតកតេជោនេះ ក៏អាចផ្ទុកអ្នកទស្សនាបានរហូតដល់ប្រមាណជាង៦ម៉ឺននាក់ ៕