ស្ថាប័ននីតិបញ្ញត្តិកម្ពុជាគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

2021-08-06 10:19:16 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ ព្រឹទ្ធសភា និងរដ្ឋ សភានៃប្រទេសកម្ពុជាបានសម្តែងនូវការគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន  ខណៈសេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ផល ប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា។

  ក្នុងកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់មួយចំនួនជាមួយថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភានិង ព្រឹទ្ធសភាតាមរយៈប្រព័ន្ធវីដេអូកាលពីពេលថ្មីៗនេះក្រោមអធិបតី ភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាអង្គប្រជុំបានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ ។

  អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម និងក្រុមការងារចរចាអន្តរក្រសួង- ស្ថាប័នដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានខិតខំកសាងច្បាប់និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្មសំដៅធ្វើឱ្យប្រសើរទ្បើង ដល់បរិយា កាសធុរកិច្ច និងជាពិសេស ការខិតខំប្រឹងប្រែងបញ្ចប់ការ ចរចាកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) ប្រកបដោយជោគជ័យ ស្របតាមអាណត្តិផ្តល់ជូនដោយប្រមុខរាជរដ្ឋាភិបាល។

  ឯកឧត្តម ប៉ាន សូរស័ក្តិ បញ្ជាក់ថា ច្បាប់នេះនឹងធ្វើឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍សំខាន់ៗចំនួន៦រួមមាន៖ ១. ការទទួលបានការបើកទីផ្សារឱ្យបានធំ ជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិត ផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ, ២. ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុង ករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់ គ្រាន់ ជាពិសេស នៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត,  ៣. ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំ ណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន ,៤. ការទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេក វិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនដល់ប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក, ៥. ការកំណត់ឱ្យកាន់ តែច្បាស់នូវរាល់នីតិវិធីទាក់ ទងនឹងវិធានដើមកំណើតទំនិញ គយនិងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជ កម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជ កម្ម និង ៦. ការរៀបចំ និងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។

  គួររម្លឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ត្រូវបានចុះហត្ថ លេខាកាលពីខែតុលា ឆ្នាំ ២០២០ មុនពេលស្ថិតក្នុងដំណាក់កាលលើកយកមកពិភាក្សាដោយស្ថាប័ននីតិបញ្ញ ត្តិដើម្បីឈានទៅបង្កើតជាច្បាប់ចូលធរមាន នាពេលខាងមុខ។ សេចក្តីព្រាងច្បាប់នេះក៏ស្ថិតក្នុងដំណាក់កាលដែលភាគីចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជាដែលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរតែងសម្រេចបានលើសពីទំហំរំពឹងទុក។ទោះក្នុងស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៨ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីររំពឹងថា ទំហំនេះនឹងមានកំណើនដល់ ១០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ខាងមុខ នេះបើតាមការគូស បញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ៕